Showing posts with label ព័ត៌មាន​សំខាន់​ៗ. Show all posts
Showing posts with label ព័ត៌មាន​សំខាន់​ៗ. Show all posts

លោក សម រង្ស៊ី ​ថា លោក ហ៊ុន សែន ព្យាយាម​រំលាយ​បក្ស​​ប្រឆាំង​ព្រោះ​ដឹង​ថា​ចាញ់



មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​របស់​លោក ដោយសារ​តែ​បក្ស​កាន់​អំណាច​មិន​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

នៅ​ក្នុង​កិច្ច​ប្រជុំ​សម័យ​ដែល​មាន​តែ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចូល​រួម​កាល​ពី​ថ្ងៃទី​៣១ ខែ​មករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី និង​ជំរុញ​ទៅ​រដ្ឋ​សភា ឲ្យ​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​រាំង​ខ្ទប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​រៀបរាប់​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លោក​បន្ត​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ដឹង​ថា មិន​អាច​ឈ្នះ​បក្ស​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​បាត់​បង់​អាសន្ន​ចំនួន ២២ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

VOD
ដោយ លោក សូរ្យ ជ័យឧត្ដម

ក្រុម​អង្គការ​ជាង​៣០​ស្ថាប័ន​អំពាវនាវ​រក​យុត្តិធម៌​ជូន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ដែល​លង់​ទឹក​ស្លាប់

រូបថត​របស់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រីម៉ៅ កាល​ពី​៣​ឆ្នាំ​មុន។ Photo Provided



ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​រក​យុត្តិធម៌​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មួយ​រូប ដែល​លង់​ទឹក​ស្លាប់​នៅ​ពេល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ។ ក្រុម​អង្គការ​ទាំងនោះ​ចាត់​ទុក​ការ​បណ្ដែតបណ្ដោយ​មិន​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​រងគ្រោះ នឹង​មាន​ឥទ្ធិពល​មិន​ល្អ​ដល់​សន្តិសុខ សុវត្ថិភាព យុត្តិធម៌ និង​សិទ្ធិ​របស់​ស្ត្រី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​ប្រកប​ការងារ​ងាយ​រងគ្រោះ លើក​ឡើង​ថា នៅ​ពេល​ដែល​ស្ត្រី​នៅ​តែ​បន្ត​ប្រឈម​នឹង​ការ​រើសអើង ការ​មាក់ងាយ​នៅ​ក្នុង​សង្គម នឹង​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ និង​ការ​គំរាម​កំហែង​គ្រប់​រូបភាព​រហូត​ដល់​អ្នក​រងគ្រោះ​បាត់បង់​ជីវិត។

ក្រុម​ដដែល​នេះ​បាន​យក​ការ​ស្លាប់​របស់​នាង ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ គឺ​ជា​ករណី​ជាក់ស្ដែង​នៃ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី។

នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព ដែល​ឋិត​ក្នុង​ចំណោម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រួម​គ្នា​ចេញ​លិខិត​ចំហ មាន​ប្រសាសន៍​ថា ដ្បិត​តែ​នាង ប៉ែន សុគន្ធា ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ នាង​ក៏​ត្រូវ​ទទួល​បាន​កិច្ច​ការពារ​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​មួយ​រូប នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន​លើ​បទដ្ឋាន​ច្បាប់​ដែល​គាំពារ​សិទ្ធិ​ស្ត្រី និង​ការពារ​ស្ត្រី​ពី​ការ​រើសអើង​នានា៖ «»។

នៅ​ក្នុង​លិខិត​ចំហ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល​ស្នើ​ថា ក្រសួង​កិច្ច​ការនារី អន្តរាគមន៍​តាម​ការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ និង​គ្រួសារ។ ជាមួយ​គ្នា​នេះ ក៏​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ឲ្យ​អនុវត្ត​តាម​នីតិវិធី ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ និង​លុប​បំបាត់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។ លើស​ពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នានា សហការ ពង្រឹង​បន្ថែម​នូវ​យន្តការ និង​បរិយាកាស​គាំពារ​តម្លៃ និង​សិទ្ធិ​ស្ត្រី ដោយ​ផ្ដល់​សេវា​ផ្លូវ​ច្បាប់ សេវា​សុខភាព និង​សេវា​ចាំបាច់​មួយ​ចំនួន​ទៀត​ក្នុង​ន័យ​ទប់ស្កាត់ និង​ការពារ​ស្ត្រី​ពី​ការ​រើសអើង​ការ​មាក់ងាយ​ក្នុង​រូបភាព​ផ្សេងៗ។

ចំណែក​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រុម​នេះ​បាន​ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​កង​សន្តិសុខ​ក្នុង​ការ​គំរាម​កំហែង ចុះ​បង្ក្រាប និង​ប្រើ​ហិង្សា​លើ​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ និង​ស្ត្រី​ធ្វើ​ការ​តាម​គ្រឹះស្ថាន​សេវា​កម្សាន្ត​ក្រោម​រូបភាព​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់។

ឆ្លើយតប​នឹង​សំណើ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា កន្លង​ទៅ ក្រុម​សន្តិសុខ​ដែល​ជា​ប្រជា​ការពារ បាន​ជួយ​ច្រើន​ទៅ​ដល់​ការងារ​របស់​អាជ្ញាធរ​នៅ​តាម​ខណ្ឌ​នីមួយៗ៖ «»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រំឭក​នៅ​ក្នុង​លិខិត​ចំហ​ថា ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បាន​ដេញ​តាម​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ហើយ​ក្នុង​ពេល​នោះ មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់ គឺ​នាង ប៉ែន សុគន្ធា បាន​ធ្លាក់​ទឹក​នៅ​ម្ដុំ​ចំណត​ទូក​ទេសចរណ៍ ហើយ​នាង​បាន​លង់​ទឹក​ស្លាប់​ដោយ​សព​របស់​នាង​ត្រូវ​គេ​រក​ឃើញ​នៅ​ពីរ​ថ្ងៃ​បន្ទាប់។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា ក្រុម​សន្តិសុខ​ខណ្ឌ បាន​បំពេញ​តួនាទី​រក្សា​សណ្ដាប់ធ្នាប់​តាម​ធម្មតា ពុំ​មាន​អ្វី​ប្លែក​ទេ។ លោក​បន្ត​ថា ករណី​នេះ​ឋិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​នៅ​ឡើយ៖ «»។

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​នាក់ បាន​ស្នើ​តាម​រយៈ​ប្រធាន​សភា​ទៅ​ក្រសួង​ចំនួន​៣ ឲ្យ​ស្វែងរក​យុត្តិធម៌​ដល់​នាង ប៉ែន សុគន្ធា ក្នុង​នោះ​រួម​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការ​នារី។ ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា បាន​ចារ​បញ្ជូន​លិខិត​នោះ​ទៅ​ក្រសួង​ទាំង​៣ នោះ​រួច​រាល់​ហើយ​ដែរ។

ក្នុង​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រុម​អ្នក​តំណាងរាស្ត្រ​ស្នើ​ឲ្យ​សុំ​បង្កើត​គណៈកម្មការ​អព្យាក្រឹត ដើម្បី​រក​យុត្តិធម៌​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា។ ក្នុង​លិខិត​មួយ​ទៀត ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អន្តរាគមន៍​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​មាន​ការ​កសាង​សំណុំ​រឿង​ដែល​អាច​ឈាន​ទៅ​ចោទ​ប្រកាន់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ។ ចំណែក​លិខិត​មួយ​ទៀត ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ជំរុញ​វិធានការ​ផ្លូវ​ច្បាប់​ក្នុង​ករណី​នេះ និង​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​បកស្រាយ​ពី​តួនាទី និង​ភារកិច្ច​របស់​ក្រុម​សន្តិសុខ។

ឆ្លើយតប​នឹង​លិខិត​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បាន​បញ្ជូន​លិខិត​នេះ​បន្ត​ទៅ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ពិនិត្យ​សំណុំ​រឿង​នេះ។

អ្នក​នាំ​ពាក្យ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា ស្ថាប័ន​លោក​កំពុង​ពិនិត្យ និង​ចាត់ការ​លើ​សំណុំ​ឯកសារ​ទាំងនេះ​ហើយ។

ចំណែក​មន្ត្រី​នៅ​ក្រសួង​កិច្ចការ​នារី ក៏​ធ្លាប់​បញ្ជាក់​ថា ក្រសួង​មិន​បាន​មើល​រំលង​ករណី​នេះ​ដែរ។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី លោក ស ខេង បាន​ដាក់​បទបញ្ជា​ដល់​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ស្រាវជ្រាវ​ករណី​នេះ​ដើម្បី​ជូន​ដំណឹង​ត្រឡប់​ទៅ​រដ្ឋសភា​វិញ៖ «»។

ទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង រំពឹង​ថា ក្រសួង​ពាក់ព័ន្ធ​នឹង​ស្វែងរក​យុត្តិធម៌​ជូន​នាង ប៉ែន សុគន្ធា។

នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព លើក​ឡើង​ទៀត​ថា ចំណុច​សំខាន់​ដែល​អ្នកស្រី​ចង់​ឃើញ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ការ​ស៊ើប​អង្កេត និង​ផ្ដល់​ព័ត៌មាន​ពិត​ដល់​សាធារណជន និង​ក្រុម​គ្រួសារ​នាង ប៉ែន សុគន្ធា៖ «»។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ បាន​លង់​ទឹក​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បន្ទាប់​ពី​នាង​បាន​រត់​គេច​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ក្នុង​បំណង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ម្ដុំ​សួនច្បារ​ខាង​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ នៅ​ពេល​នោះ នាង ប៉ែន សុគន្ធា បាន​រត់​ទៅ​ដួល​បោក​នឹង​ទូក​ទេសចរណ៍ ហើយ​ធ្លាក់​ក្នុង​ទឹក​ទន្លេសាប។

អ្នក​នៅ​កន្លែង​កើត​ហេតុ​លើក​ឡើង​ថា សន្តិសុខ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​អ្នក​ជួយ​នាង ប៉ែន សុគន្ធា ឡើយ។ សព​របស់​នាង ត្រូវ​គេ​រក​ឃើញ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ សុគន្ធា បាន​បន្សល់​ទុក​កូន​ប្រុស​ពិការ​មាន​អាយុ ៦​ឆ្នាំ​ម្នាក់៕

RFA
ដោយ សុ ជីវី

ចិន ក្តៅក្រហាយ​ខ្លាំង​នឹង​សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រឿង​អធិបតេយ្យ​ប្រជុំ​កោះ​ជម្លោះ​ចិន​-​ជប៉ុន



រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​០៤ កុម្ភៈ បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កុំ​ឲ្យ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​។ ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​នៃ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាងថា តំបន់​វិវាទ​អធិបតេយ្យ​ដែល​ចិន និង​ជប៉ុន​បានទាមទារ​ត្រួតស៊ីគ្នា​នោះ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ការពារ​រ​វាង​អាមេរិក និង​ជប៉ុន​។

« ខ្ញុំ បាន​និយាយ​ច្បាស់​ហើយ​ថា គោលនយោបាយ​របស់​យើង​មិន​ប្រែប្រួល​ឡើយ​ចំពោះ​តំបន់​កោះ Senkaku ... អាមេរិក បន្ត​ទទួលស្គាល់​បណ្តុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​របស់​ជប៉ុន ក៏ដូចជា​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​០៤ កុម្ភៈ ជាមួយនឹង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោកស្រី Tomomi Inada​។

​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន បាន​បញ្ញត្តិ​ថា អាមេរិក នឹង​ការពារ​អធិបតេយ្យ​ក្រោម​រដ្ឋបាល​របស់​ជប៉ុន ដែល​រាប់បញ្ចូល​ទាំង​បណ្តុំ​កោះ Senkaku ដែល​ចិន បាន​ហៅថា Diaoyu និង​ទាមទារ​ផងដែរ​នោះ​។

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ ប្រាកដ​ណាស់​ថា ធ្វើ​ឲ្យ​ចិន មិន​សប្បាយ​ចិន​ឡើយ​។ « ប្រជុំ​កោះ Diaoyu និង​តំបន់​ក្បែរ​នោះ គឺជា​ផ្នែក​មួយ​នៃ​អធិបតេយ្យ​ចិន​តាំងពី​យូរយា​ណាស់់​មកហើយ​។ ហើយ​នេះ ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិនមាន​ការប្រែប្រួល​ផងដែរ​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អាមេរិក​។

​អ្នកនាំពាក្យ​រូបនេះ បាន​បន្តទៀតថា​យ៉ាង​ដូច្នេះ​ថា​៖« យើង ទទូច​ឲ្យ​ភាគី​អាមេរិក​មាន​ឥរិយាបថ​ទទួលខុសត្រូវ បញ្ឈប់​ការធ្វើ​អត្ថាធិប្បាយ​ខុស និង​ចៀស​ឲ្យ​បាន​ការធ្វើ​ឲ្យ​បញ្ហា​កាន់​ស្មុគស្មាញ និង​បង្ក​ជា​អស្ថិរភាព​នៅក្នុង​តំបន់​»​។

​សូម​ជម្រាប​ផងដែរ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​អាមេរិក James Mattis នៅ​សប្តាហ៍​នេះ បាន​បំពេញ​ទស្សនកិច្ច​មកកាន់​កូរ៉េខាងត្បូង និង​ជប៉ុន ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​ថ្មី​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រមុខ​ការពារជាតិ​រូបនេះ ដើម្បី​បង្ហាញ​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន​គឺ ជប៉ុន និង​កូរ៉េខាងត្បូង​។

​អ្វី​គួរកត់សម្គាល់​នោះ ក្នុង​វត្តមាន​របស់លោក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ចំណត​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ បានធ្វើ​ឲ្យ​ចិន ក្តៅក្រហាយ​ម្តង​រួចទៅហើយ​។ ក្តៅក្រហាយ​នោះ ក៏​ព្រោះតែ ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ លោក​ប្រមុខ​ការពារជាតិ បាន​អះអាង​ជាថ្មី​ថា នឹង​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅក្នុង​ឆ្នាំនេះ​។ កន្លងមក ចិន តែងតែ​បង្ហាញ​ជំហរ​ជំទាស់​ដាច់ខាត​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​នោះ ដ្បិត ចិន យល់ឃើញថា វា បំផ្លាញ​សន្តិសុខ​នៅក្នុង​តំបន់ និង​ផលប្រយោន​ជ៍​សន្តិសុខ​របស់​ចិន​តែម្តង​៕

ថ្មិ​ៗ
អត្ថបទ : ទេព អ៊ីវិសាល

ឯ​.​ឧ កឹម សុខា​៖ ធម្មតា​នយោបាយ​តែង​ក្តៅ ឬ​ត្រជាក់​តាម​កាលៈទេសៈ​



​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​នៅថ្ងៃនេះ ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ប្រមុខ​បក្សប្រឆាំង​រូបនេះ មានប្រសាសន៍ថា ស្ថានការណ៍​នយោបាយ​ក្តៅ ឬ​ត្រជាក់​ទៅតាម​កាលៈទេសៈ​ជា​រឿង​ធម្មតា​ទេ​។

«​ជាធម្មតា​នយោបាយ​តែងតែ​ក្ដៅ ឬ ត្រជាក់​តាម​កាលៈទេសៈ​»​។ នេះ​ជា​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ក្នុងពេលដែល​ប្រធានស្តីទី​គណបក្សប្រឆាំង​រូបនេះ ជួប​ជាមួយ​មន្ត្រី​មូលដ្ឋាន​បក្ស​ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃអាទិត្យ​នេះ​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឯកឧត្តម កឹម សុខា បញ្ជាក់​យ៉ាងនេះ​ទៀតថា​៖«​ក៏ប៉ុន្ដែ​តាម​ការឆ្លងកាត់​ក្នុង​ភ្លើង​នយោបាយ​ជាង​២០​ឆ្នាំ​របស់ខ្ញុំ ខ្ញុំ​យល់ឃើញថា ដើម្បី​អាចធ្វើ​ដំណើរ​ទៅមុខ ឲ្យ​ដល់​គោលដៅ​របស់​យើង​បាន យើង​មិនគួរ​លូកដៃ​លេង​ភ្លើង​ដែល​គេ​បង្កាត់​នោះទេ​។ យើង​ត្រូវ​រក​ឫសគល់​នៃ​បញ្ហា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា ដោយ​ខ្លួន​យើង​ប្រសើរ​ជាង​»​។​

​ជាមួយគ្នានេះ ឯកឧត្តម កឹម សុខា បន្ត​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​មានជំនឿថា ដំណោះស្រាយ​បញ្ហា​ក្នុង​គណបក្សនយោបាយ ក៏ដូចជា​ប្រទេសជាតិ​ដែរ ទោះបី​ជាមាន​អ្នកដទៃ​ជួយ​ពី​ខាងក្រៅ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​ខ្មែរ និង​ខ្មែរ ត្រូវតែ​និយាយ​គ្នា និង​រួបរួមគ្នា​ដោះស្រាយ​បញ្ហា ដែលជា​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​»​។​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា បែបនេះ បន្ទាប់ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ហាក់​ឡើងក​ម្តៅ​ឡើងវិញ​។ ឯកឧត្តម កឹម សុខា ត្រូវបាន​រដ្ឋសភា ដកតំណែង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភា​គតិ​ត លែងមាន​សិទ្ធិ​ចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​។ ជាងនេះទៅទៀត សម្តេច ហ៊ុន សែន គ្រោង​ស្នើ​ឲ្យ​បន្ថែម​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​ដាក់ទោស​ទណ្ឌ​ឲ្យ​ធ្ងន់​ទៅលើ​មេដឹកនាំ​បក្សនយោបាយ​ដែល​ធ្វើ​ខុសច្បាប់​៕

ថ្មី​ៗ
អត្ថបទ : រុង រឿង

មេបញ្ជាការកងទ័ពអ៉ីរ៉ង់៖ យើងនឹង​ប្រើមីស៊ីល​បាញ់បំបែក​ក្បាល​សត្រូវ​របស់យើង !​



(​តេហេរ៉ង់)៖ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានសហរដ្ឋអាមេរិកទះមួយកំផ្លៀង តាមរយៈការដាក់ទណ្ឌកម្មថ្មីបន្ថែម កងកម្លាំង ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានដឹកនាំ ការធ្វើសមយុទ្ធ យោធាបាញ់គ្រាប់មីស៊ីលនៅក្នុងខេត្ត Semn​an។ មិនតែប៉ុណ្ណោះមេបញ្ជាការកងទ័ពអ៉ីរ៉ង់ លោក អាមៀ អាលីហាជីសាដេស (Amir Ali Hajizadeh) ​ក៏បានព្រមានដែរថា ទីក្រុងតេហេរ៉ង់ នឹងប្រើប្រាស់មីស៊ីលទាំងនេះ បាញ់បំបែកក្បាលសត្រូវ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន អ៊ីរ៉ង់ Tasnim ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៥​ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បើទោះជាលោក អាមៀ មិនបានបញ្ជាក់ថា សត្រូវនោះជានរណាឱ្យប្រាកដក៏ដោយ ក៏ប៉ុន្តែការធ្វើសមយុទ្ធយោធា កាលពីថ្ងៃសៅរ៍ ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចដាក់ទណ្ឌកម្មថ្ មីប្រឆាំងនឹងអ៊ីរ៉ង់ សម្រាប់ការបាញ់សាកល្បងមីស៊ីលផ្លោង នាពេលថ្មីៗនេះ​ ហើយម្យ៉ាងវិញទៀត សត្រូវដ៏ធំនៅក្នុងកែវភ្នែក មេដឹកនាំអ៊ីរ៉ង់ ក៏គ្មាននរណាផ្សេងក្រៅពីសហរដ្ឋអាមេរិកនោះដែរ។ «បើសិនជាសត្រូវប្រព្រឹត្ត កំហុសឆ្គងនោះមីស៊ីល របស់យើង នឹងបាញ់បំបែកក្បាលរបស់ពួកគេ» នេះគឺជាសម្ដីរបស់មេបញ្ជាការកងទ័ពរបស់អ៉ឺរ៉ង់។

កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ អ៉ីរ៉ង់បានដឹកនាំការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យម ២២៥គីឡូម៉ែត្រ ពីទីក្រុង តេហេរ៉ង់ រីឯរដ្ឋមន្ត្រីការពារ ជាតិអ៊ីរ៉ង់លោក ហូសេន ដែសហាន់ (Hossein Dehghan) ក៏បានអះអាងផងដែរពីភាពជោគជ័យ នៃការបាញ់សាកល្បងនេះ។ តែជាការឆ្លើយតប សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មថ្មី បន្ថែមប្រឆាំងនឹង បុគ្គល១៣រូប ព្រមទាំងក្រុមហ៊ុនចំនួន១២ មានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់ លីបង់ ចិន និងសហភាពអេមីរ៉ាតអារ៉ាប់ រួម សម្រាប់ការបាញ់ សាកល្បងមីស៊ីលផ្លោង និងការគំាទ្រក្រុមឧទ្ទាមហេសប៊ូលឡា ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាអង្គការភេរវករ៕

Fresh News

ពលរដ្ឋរស់នៅស្របច្បាប់លើដី ក្នុងឃុំតេជោអភិវឌ្ឍន៍ ចេញមុខគាំទ្រចំណាត់ការរបស់អាជ្ញាធរខេត្ត ក្រោយចាប់ខ្លួនសមាជិកលោក ខឹម វាសនា ទាំង១៣នាក់



(កំពត)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅលើដីស្របច្បាប់ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បានចេញមុខគាំទ្រនូវចំណាត់ការរបស់អាជ្ញាធរខេត្តកំពត ហើយថាការចាប់បក្ខពួក១៣នាក់ របស់​លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់ទោសតាមច្បាប់នោះ គឺជារឿងត្រឹមត្រូវ។

ពលរដ្ឋបានលើកឡើងយ៉ាងដូច្នេះថា «គាំទ្រការអនុវត្តច្បាប់របស់ក្រុមការងារថ្នាក់ខេត្ត ការឈូសឆាយដីសម្បទាន សង្គមកិច្ចរបស់រដ្ឋ ស្ថិតនៅក្នុងភូមិតេជោក្បាលដំរី និងភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត»។

បើតាមបដារបស់ពលរដ្ឋ បានបន្ថែមថា «យើងខ្ញុំទាំងអស់គ្នា​ ជាប្រជាជនរងគ្រោះ នៅភូមិតេជោក្បាលដំរី និងភូមតេជោអន្លង់ក្មេងលេង សូមថ្លែងអំណរគុណ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត»។

សូមបញ្ជាក់ថា ការចេញមុខប្រកាសគាំទ្ររបស់ប្រជាពលរដ្ឋរងគ្រោះនេះ ធ្វើឡើងក្រោយអាជ្ញាធរខេត្តកំពត បាន​ឃាត់ខ្លួនសមាជិក ១៣នាក់ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា អំពីការ​ឈូសឆាយបំផ្លាញដំណាំប្រជាពលរដ្ឋ រំលោភយកដី នៅឃុំតេជោអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយពេលនោះ មានសមាជិករបស់គណបក្សនេះ ប្រមាណជាង៥០០នាក់ បាននាំមកតវ៉ានៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសុំឲ្យមានការដោះលែង ដោយចោទថាអាជ្ញាធរធ្វើបំពាន់ច្បាប់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ប្រតិបត្តិការឃាត់ខ្លួនសមាជិក១៣នាក់រឿងដីធ្លីនោះ គឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់ ពោលគឺនៅពេលចុះឃាត់ខ្លួន កម្លាំងរបស់លោកបានទទួលបញ្ជាផ្ទាល់ពី លោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត និងលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត ហើយមិនដូចអ្វីដែលជាការចោទប្រកាន់ថា អាជ្ញាធរបំពានច្បាប់នោះឡើយ។ លោកស្នងការបន្ថែមថា លោកក៏បានត្រៀមកម្លាំងរួចរាល់ ដើម្បីទប់ស្កាត់ចំពោះការតវ៉ា របស់សមាជិកគណបក្ស LDP។

ជាមួយគ្នានេះ លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត បានឲ្យដឹងថា ​កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងដោះស្រាយដីធ្លី ដែល​ប្រជាពលរដ្ឋ​ចំនួន០៦គ្រួសារ បានដាក់ពាក្យបណ្តឹងមកអាជ្ញាធរខេត្តកំពត ដើម្បីឲ្យខេត្តជួយដោះស្រាយ និងចាត់វិធានការ​បន្ទាន់ ចំពោះជនអនាធិបតេយ្យមួយក្រុម ដែលគេបានស្គាល់ថា ជាបក្ខពួក និងកូនចៅ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ដែលបានយកគ្រឿងចក្រ មកធ្វើសកម្មភាពឈូស
ឆាយដី និងដំណាំរបស់ពួកគាត់ទាំង៦គ្រួសារខាងលើ។

​ក្រុមការងារជំនាញ និងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ឃើញសកម្មភាពជាក់ស្តែងយ៉ាងដូច្នេះ ក៏សម្រេចឃាត់ខ្លួនជនសង្ស័យ ចំនួន១៣នាក់ ដែលបាននឹងកំពុងធ្វើសកម្មភាពឈូសឆាយ និងបម្រើការងារឲ្យម្ចាស់ដីម្នាក់ ជាប្រធានគណៈបក្ស ឈ្មោះ ខឹម វាសនា ដែលនៅពីក្រោយខ្នង នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

Fresh News

BREAKING NEWS: តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកទាត់ចោលសំណើ លោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញបទបញ្ជាស្ដីពីជនភៀសខ្លួន



(វ៉ាស៊ីនតោន)៖ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក បានច្រានចោលសំណើររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញនូវបទបញ្ជាស្ដីពី ជនភៀសខ្លួន និងការហាមឃាត់ប្រជាជនមកពីប្រទេសមូស្លីមភាគច្រើនចំនួន៧ ចូលក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចៅក្រមតុលាការកំពូលរាំងខ្ទប់ កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

តុលាការកំពូលអាមេរិក បានសម្រេចព្យួរ ឬផ្អាកបទបញ្ជា​របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ ដែលបានដាក់ការ​ហាមឃាត់​ការធ្វើដំណើរ​មកកាន់​អាមេរិក ចំពោះប្រជាជន​មកពីបណ្តា​ប្រទេសមូស្លីម​ចំនួន០៧ ដោយចាត់ទុកថា វាផ្ទុយទៅនឹងរដ្ឋធម្មនុញ និងជាការរើសអើង។ ប៉ុន្តែ​ប្រធានាធិបតីថ្មី​រូបនេះ​មិនបាន​យល់ស្រប​តាមនោះឡើយ ដោយលោក​អះអាងថា​​ នឹងយកការហាមឃាត់​​ដ៏ស្របច្បាប់​នោះ​ ត្រឡប់មក​អនុវត្តន៍ឲ្យបាន។ ជាងនេះទៅទៀតលោក ត្រាំ ថែមទាំង បានប្រើពាក្យសម្តីធ្ងន់ៗទៅលើលោក James Robart ដែលជា​ចៅក្រមតុលាការកំពូលម្នាក់ ហើយថាការសម្រេចចិត្តរបស់ចៅក្រមរូបនេះគឺជារឿង គួរឲ្យអស់សំណើច និងជាការអូសទាញអាមេរិកឲ្យកាន់តែឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។

គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការកំពូលរបស់​សហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍​មួយចំនួនបានចាប់ផ្តើមអនុវត្តន៍តាមដោយអនុញ្ញាត ឲ្យបណ្តាជនជាតិមកពីប្រទេសទាំង០៧ដែលត្រូវ​បានហាមឃាត់ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់អាមេរិក​វិញជាធម្មតា។ ប្រជាជនមកពីប្រទេសមូស្លីម ភាគ ច្រើន ដែលត្រូវលោក ដូណាល់ ត្រាំ ហាមជាបណ្ដោះអាសន្នមិនឱ្យចូលក្នុងសហរដ្ឋអាមេរិក រួមមាន អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, យេមែន និងស៊ីរី៕

Fresh News

ស្ថានទូត​អាមេរិក​ថា​មិន​ទទួល​បាន​ការ​ពន្យល់​ផ្លូវ​ការ​ពី​កម្ពុជា​ចំពោះ​ការ​លុប​សម​យុទ្ធ​យោធា

ពិធី​បើក​ លំហាត់​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៤ រវាង​កងទ័ព​ជើង​គោក​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក នា​​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​២១ មេសា ឆ្នាំ​២០១៤។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ថា ស្ថានទូត​សហរដ្ឋអាមេរិក មិន​ទាន់​ទទួល​បាន​ការ​ពន្យល់​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ឆ្នំា​២០១៧ និង​ឆ្នាំ​២០១៨ ឡើយ។

ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​រូប​នេះ មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​មិន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក គឺ​ជា​សិទ្ធិ​របស់​កម្ពុជា។ លោក​ថា បើ​ចង់​ដឹង​ពី​មូលហេតុ​នៃ​ការ​ផ្អាក​នេះ ទាល់​តែ​សួរ​រដ្ឋាភិបាល​កម្ពុជា ទើប​ដឹង។ ប៉ុន្តែ​លោក​ថា សម្រាប់​សហរដ្ឋអាមេរិក គឺ​មាន​ការ​សោកស្ដាយ​ដែល​ឮ​ដំណឹង​នេះ។ តែ​លោក​ក៏​ថា អ្នក​ដែល​ខាត​មិន​មែន​សហរដ្ឋអាមេរិក នោះ​ទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា កម្ពុជា​សម្រេច​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ឆ្មាំ​អង្គរ​ជាមួយ​សហរដ្ឋ​អាមេរិក ដោយសារ​កម្ពុជា មាន​ព្រឹត្តិការណ៍​ធំៗ​មួយ​ចំនួន​ដែល​ត្រូវ​រៀបចំ​នោះ គឺ​ការ​រៀប​ចម្ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១៨។ លើស​ពី​នេះ កម្ពុជា​ក៏​កំពុង​ជាប់​រវល់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទៀត​ផង៕

RFA
ដោយ យាង សុជាមេត្តា

បក្ស​កាន់​អំណាច​កំពុង​ប្រមូល​ហត្ថលេខា​តំណាងរាស្ត្រ​ធ្វើ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

នៅ​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រមូល​ហត្ថលេខា​តំណាងរាស្ត្រ​នៃ​គណបក្ស​នេះ ដើម្បី​ដាក់​ទៅ​សភា សម្រាប់​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ទាក់ទង​រឿង​នេះ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច​កែ​ច្បាប់​នេះ​ឲ្យ​មាន​ប្រយោជន៍​ដល់​គ្រប់​គណបក្ស​នយោបាយ។

មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​វិសោធនកម្ម ឬ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​គណបក្ស​នេះ​យល់​ថា ធ្វើ​បាន​កាន់​តែ​លឿន កាន់​តែ​ល្អ ព្រោះ​យល់​ថា​មាត្រា​ខ្លះ​នៃ​ច្បាប់​ហួស​សម័យ ដូច្នេះ​ត្រូវ​ធ្វើ​ឲ្យ​ទាន់​សភាពការណ៍។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាសភាព​ចម្រុះ​មក​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា ក្រសួង​យុត្តិធម៌ និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កំពុង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ថ្មី។ ទោះ​យ៉ាង​នេះ​ក្ដី លោក សុខ ឥសាន មិន​ទាន់​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា កែប្រែ​មាត្រា​ណា​ខ្លះ​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ មិន​មែន​កែ​ត្រឹម​ការ​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​នយោបាយ​ប៉ុណ្ណោះ​ទេ៖ «យើង​ត្រូវ​ធ្វើ​ឲ្យ​ស្រប​តាម​សភាពការណ៍​ជាក់ស្ដែង​ថ្មី ហើយ​ដែល​យើង​ឆ្លង​កាត់​ការ​អនុវត្ត​កន្លង​ទៅ​មាន​ចំណុច​ណា​ខ្វះ​ចន្លោះ យើង​ត្រូវ​បំពេញ​បន្ថែម។ យើង​ធ្វើ​នេះ​មិន​មែន​សំដៅ​ទៅ​បុគ្គល ក ឬ​បុគ្គល ខ នោះ​ទេ។ យើង​ធ្វើ​សម្រាប់​បុគ្គល ក និង​បុគ្គល ខ នៃ​គណបក្ស​នយោបាយ​ទាំងអស់»។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​មាន ១១​ជំពូក ៤៥​មាត្រា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧។ តាម​ច្បាប់​តំណាងរាស្ត្រ មួយ​ភាគ​បួន ឬ​ជាង ៣០​រូប​នៃ​តំណាងរាស្ត្រ​សរុប អាច​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា សំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រមូល​ហត្ថលេខា​របស់​តំណាងរាស្ត្រ​ពី ៤០​រូប​ទៅ ៥០​រូប។

បើ​តាម​លោក សុខ ឥសាន បែប​ផែន​នៃ​ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មាន​ដំណាក់​កាល​ដូចជា ក្រោយ​ពី​បាន​ប្រមូល​ហត្ថលេខា​របស់​តំណាងរាស្ត្រ​រួច​ហើយ ត្រូវ​ប្រគល់​ទៅ​គណៈ​អចិន្ត្រៃយ៍​សភា ហើយ​គណៈ​អចិន្ត្រៃយ៍​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា និង​បន្ទាប់​ពី​គណៈកម្មការ​ជំនាញ​ត្រួត​ពិនិត្យ​រួច​ហើយ ត្រូវ​ប្រគល់​ត្រឡប់​មក​គណៈ​អចិន្ត្រៃយ៍​សភា​វិញ ទើប​គណៈ​អចិន្ត្រៃយ៍​កំណត់​ថ្ងៃ​ប្រជុំ​សភា​ដើម្បី​អនុម័ត។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​គម្រោង​ធ្វើ​វិសោធនកម្ម​នេះ ព្រោះ​លោក​ប្រាប់​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មិន​ទាន់​អនុវត្ត​បាន​គ្រប់​មាត្រា​ផង ស្រាប់​តែ​ពេល​នេះ​ត្រូវ​ធ្វើ​វិសោធនកម្ម​ទៀត។ លោក​យល់​ថា ដើម្បី​ឲ្យ​ការ​ធ្វើ​វិសោធនកម្ម​នេះ​មាន​សមធម៌ ត្រូវ​កំណត់​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​ក្នុង​ពេល​ធ្វើ​ការ​ឃោសនា​ឲ្យ​ស្មើៗ​គ្នា។ ផ្ទុយ​ពី​លោក ហ៊ុន សែន លោក សុន ឆ័យ នៅ​តែ​យល់​ថា ប្រធាន ឬ​អនុប្រធាន​គណបក្ស​មួយ ប្រសិន​បើ​សមាជិក​នៃ​គណបក្ស​នោះ​គាំទ្រ​រួច​ហើយ មិន​ត្រូវ​មាន​ច្បាប់​ណា​ហាមប្រាម​នោះ​ទេ៖ «មេ​បក្ស​នៅ​ក្នុង​គណបក្ស​នយោបាយ​ដែល​មាន​ការ​គាំទ្រ​ពី​សមាជិក​របស់​គេ ត្រូវ​តែ​ការពារ មាន​សមាជិក​របស់​គាត់​ដែល​មាន​សិទ្ធិ​ដោះដូរ មិន​ត្រូវ​មាន​ច្បាប់​ណា​ហាមប្រាម​នោះ​ទេ»។

លោក សុន ឆ័យ ក៏​ចង់​ឃើញ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​បន្ថែម​ទៀត ដើម្បី​ហាម​មិន​ឲ្យ​មន្ត្រី​យោធា និង​មន្ត្រី​រដ្ឋ​ប្រើ​អំណាច និង​តួនាទី​របស់​ខ្លួន​ទៅ​ឃោសនា​គាំទ្រ​គណបក្ស​នយោបាយ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ក្នុង​ពេល​កំពុង​មាន​វិបត្តិ​នយោបាយ​ដូចនេះ មិន​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​នយោបាយ​ឡើយ ព្រោះ​នឹង​ដាក់​បន្ទុក​ទៅ​គណបក្ស​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល។ លោក​បន្ត​ទៀត​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​សព្វថ្ងៃ នៅ​ប្រើប្រាស់​បាន ដែល​មិន​ទាន់​ហួស​សម័យ​នៅ​ឡើយ​ទេ៖ «ប្រុង​ធ្វើ​វិសោធនកម្ម​ដូច​ប្រញាប់​ពេក។ ខ្ញុំ​មើល​ទៅ​វិសោធនកម្ម​នេះ មិន​មែន​ជួយ​ដល់​គណបក្ស​នយោបាយ​ទេ បែរ​ជា​ធ្វើ​ឲ្យ​ផុយ​ស្រួយ​ទៅ​វិញ​ទេ»។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ប្រាប់​ទៅ​ក្រុម​ការងារ​របស់​លោក គួរ​លុប​ឈ្មោះ​គណបក្ស​នយោបាយ​ដែល​បាន​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​មហាផ្ទៃ រួច​ហើយ ប៉ុន្តែ​មិន​អាច​រក​ស្នាម​មេដៃ​អ្នក​គាំទ្រ ៤.០០០​នាក់​ក្នុង​រយៈពេល​កំណត់។ ចំណុច​មួយ​ទៀត លោក ហ៊ុន សែន ចង់​យក​គំរូ​តាម​ប្រទេស​ថៃ ដោយ​កំណត់​ថា បើ​ប្រធាន​គណបក្ស​ណា​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ត្រូវ​រំលាយ​គណបក្ស​ចោល និង​ហាម​មេ​ដឹកនាំ និង​គណៈកម្មការ​នាយក​នៃ​គណបក្ស​មិន​ឲ្យ​ធ្វើ​នយោបាយ​ក្នុង​រយៈពេល​ណា​មួយ។

ចំណុច​មួយ​ទៀត លោក ហ៊ុន សែន ទាមទារ​ឲ្យ​លុប​ឈ្មោះ​គណបក្ស​ណា​ដែល​ទទួល​ជំនួយ​ពី​បរទេស ប៉ុន្តែ​បើ​ជំនួយ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស អនុញ្ញាត​ឲ្យ​ទទួល​បាន។ ចំណុច​រសើប​មួយ​ទៀត លោក ហ៊ុន សែន នៅ​តែ​និយាយ​ដដែល​ថា នឹង​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​នយោបាយ។ ចំណែក​លោក សម រង្ស៊ី ហៅ​ឥរិយាបថ​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន បែប​នេះ ថា​ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​ភ័យ​ស្លន់ស្លោ​ខ្លាច​ចាញ់​ឆ្នោត៕

RFA
ដោយ ប្រាជ្ញ ចេវ

អ្នកនាំពាក្យ​CPP៖ ជន​ដែល​ខំ​ស្រែ​ករឿង​កោះត្រល់​ល្មម​ឈប់​ស្រែក​ទៅ​គ្រាន់តែ​ជាការ​ឃោសនា នយោបាយ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​



ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា ជន​ដែល​ខំ​ស្រែក​ដាក់​កំហុស​មកលើ​រាជរដ្ឋាភិបាល​សព្វថ្ងៃ ពាក់ព័ន្ធ​រឿង​កោះត្រល់ វា​គ្រាន់តែ​ជាការ​ឃោសនា​ដើម្បី​កេងចំណេញ​នយោបាយ និង​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់ និង​កាន់តែ​ឈឺចាប់​ប៉ុណ្ណោះ​ហើយ​កុំ​និយាយថា ខ្លួន​ស្នេហា​ជាតិ​លើសគេ លើស​ឯង​នោះ វា​មិនផេះ​ទេ ល្ម​ប​ឈប់​ស្រែក​ទៅ​។

ដោយ​មន្ត្រី​រូប​នោះបាន​លើកឡើងថា ក្នុងនាម​ជា​ជនជាតិខ្មែរ​ពិតជា​មានការ​សោកស្តាយ​នូវ​ការបាត់បង់​កោះត្រល់​តែ​ធ្វើ​ដូចម្តេច​បើ​នេះ​វា​ជា​ផលវិបាក​នៃ​ប្រវត្តិសាស្ត្រ​បាន​ត្រឹម​សោកស្តាយ​ប៉ុណ្ណោះ​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា កោះត្រល់ ជា​កោះ​មួយ​ធំ​របស់​កម្ពុជា​តាំង​ពីមុន​ឆ្នាំ​១៩៣៩​ដែលមាន​ចម្ងាយ​តែ​១៥​គ​.​ម ពី​ឆ្នេរ​ខេត្តកំពត មាន​ចម្ងាយ​៤៥​គ​.​ម ពី​ឆ្នេរ​ខត្ត​ហា​ទៀង ប្រទេស​វៀតណាម​។

​ស្ថិតនៅក្រោម​នឹម​អាណានិគម​បារាំង​នៅ​ឆ្នាំ​១៩៣៩​បារាំង​បានសំរេច​ផ្ទេរ​ការ​គ្រ​ប់គ​ហ​រង​កោះត្រល់​ពី​កម្ពុជា​ទៅ​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​កូសាំងស៊ីន​ដោយ​អត្តនោម័ត​របស់​អគ្គទេសាភិបាល​បារាំង​ឈ្នោះ​ប្រេ​វី​យេ​ដោយ​គ្មាន​ការតវ៉ា​។ នៅ​ឆ្នាំ​១៩៤៩ គឺ​១០​ឆ្នាំ​ក្រោយមក​បារាំង​បានប្រគល់​ដែនដី​កូសាំងស៊ីន មក​ឲ្យ​ស្តេច​បាវ​ដាយ​នៃ​ប្រទេស​អាណ្ណា​ម ក៏​រួមមាន​កោះត្រល់​នេះដែរ​។​គ្ម​សន​ការតវ៉ា​ពី​រាជរដ្ឋាភិបាល​ខ្មែរ​ពេល​នោះទេ​។ នៅពេល​សម្តេចព្រះ នរោត្តម សីហនុ ទាមទារ​ឯករាជ្យ​ពី​បារាំង​ក៏​មិនបាន​ទាមទារ​កោះត្រល់​ដែរ​ក្នុង​ក្រ​ទ្បា​ផ្ទៃ​ប្រទេស​កម្ពុជា​១៨១០៣៥​គម​២ មិនមាន​កោះត្រល់​ទេ​។​រហូតមកដល់​សម័យ​ខ្មែរក្រហម​គ្រប់គ្រង​ក៏​ខ្មែរក្រហម​ចង់​វាយយក​កោះត្រល់​មក​វិញ​ដែរ​តែ​មិនអាច​ទៅរួច​ទីបំផុត​មហិច្ឆតា​ចង់បា​ន​កោះត្រល់​របស់ ខ្មែរក្រហម​បាន​ត្រឹម​ទទួលស្គាល់​កោះត្រល់​ជា​របស់​វៀតណាម​។​

​លោក​បាន​បញ្ជាក់ថា ក្នុងនាម​ជា​ជនជាតិខ្មែរ​យើង​ពិតជា​មានការ​សោកស្តាយ​នូវ​ការបាត់បង់​កោះត្រល់​តែ​ធ្វើ​ដូចម្តេច​បើ​នេះ​វា​ជា​ផលវិបាក​នៃ​ប្រវត្តិសាស្ត្រ​បាន​ត្រឹម​សោកស្តាយ​ប៉ុណ្ណោះ​។ ជន​ដែល​ខំ​ស្រែក​ដាក់​កំហុស​មកលើ​រាជរដ្ឋាភិបាល​សព្វថ្ងៃ វា​គ្រាន់តែ​ជាការ​ឃោសនា​នយោបាយ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​និង​កាន់តែ​ឈឺចាប់​ប៉ុណ្ណោះ​កុំ​និយាយថា​ខ្លួន​ស្នេហា​ជាតិ​លើសគេ​លើស​ឯង​នោះ វា​មិនផេះ​ទេ​ល្ម​ប​ឈប់​ស្រែក​ទៅ​៕

CEN
ដោយ: មុនីរាជ

តុលាការ​អាមេរិក បើកសវនាការ​រឿង​លោកមា​ជ សុវណ្ណារ៉ា ប្តឹង​នាយករដ្ឋមន្ត្រី និង​កូនប្រុស



ភ្នំពេញ: នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ដើម​សប្តាហ៍​ក្រោយនេះ តុលាការ​សហរដ្ឋអាមេរិក​នឹង​បើកសវនាការ​លើ​សំណុំរឿង លោកមា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​នឹង​សំណុំរឿង​“​ធ្វើ​ភេរវកម្ម​” និង “​ធ្វើ​ទារុណកម្ម​តាមរយៈ​ការឃុំខ្លួន​ស្រេច​តែ​អំពើ​ចិត្ត ក្រៅច្បាប់​និង​រយៈពេល​យូរ​”​។​

លោកស្រី ចេ​មី មា​ជ ភរិយា​របស់លោក មា​ជ សុវណ្ណារ៉ា បាន​និយាយ​ក្នុង​វីដេអូ​ឃ្លី​ប​ថា តុលាការ​នៅក្នុង​ក្រុង​ឡូ​ស​អែន​ជឺ​ឡេស រដ្ឋ​កាលីហ្វ័រ​ញ៉ា នឹង​បើកសវនាការ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែកុម្ភៈ វេលា​ម៉ោង​៨.៣០​នាទី​ព្រឹក លើ​សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា ដែល​ប្តឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោកស្រី ចេ​មី មា​ជ ប្រាប់​ទៅ​ជនរួមជាតិ​ដែល​គាំទ្រ​លោក មា​ជ សុវណ្ណារ៉ា ឲ្យ​ទៅ​ចូលរួម​និង​តាមដាន​ករណីនេះ​នៅ​តុលាការ​សហរដ្ឋអាមេរិក​នោះ​ផងដែរ​។ សវនាការ​នេះ​អត់​ដូរ​ពេល​ទេ គឺ​ឡើង​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧៕

CEN
ដោយ: មុនីរាជ​

របាយការណ៍​UN៖ កងកម្លាំង​មី​យ៉ាន់​ម៉ា បាន​ដុត​ផ្ទះ រំលោភ និង​សម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​យ៉ាង​ព្រៃផ្សៃ​ ​



​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​០៣ កុម្ភៈ បានចេញ​របាយការណ៍​មួយ ដែល​បាន​រកឃើញថា មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ Rakhine​។ របាយការណ៍ បានចាត់ទុក​ការបំពាន​នេះ ថា អាច​ក្លាយជា​បទល្មើស​ប្រឆាំង​មនុស្សជាតិ​បាន​។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នង​ការទទួល​សិទ្ធិមនុស្ស (OHCHR) ដែល​យោងតាម​កិច្ចសម្ភាសន៍​ជាមួយនឹង​ប្រជាជន​ដែល​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ក្រោយ​ការវាយប្រហារ​នៅ​ដើមខែ​តុលា​ឆ្នាំមុន បាន​បង្ហាញថា មានការ​ករណី​រំលោភ សម្លាប់ ដែល​រាប់បញ្ចូល​ទាំង​ទារក និង​កុមារ ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ផ្សេងទៀត​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​។

​តាម​ចម្លើយ​ដែល​ផ្សាយ​ចេញ​តាម​របាយការណ៍​នោះ កងកម្លាំង​មី​យ៉ាន់​ម៉ា មិន​ត្រឹមតែ​ប្រព្រឹត្ត​បទល្មើស​ប៉ុន្មាន​ខាងលើ​នោះទេ តែ​ពួកគេ ក៏បាន​ដុត​ផ្ទះសម្បែង សាលារៀន ផ្សារ វិហារ និង​ដីស្រែ​ជនជាតិភាគតិច​ទាំងនោះ និង​ថែមទាំង​មាន​ឃាត់​ក្រុម​ទាំងនោះ​នៅក្នុង​ផ្ទះ ហើយ​ដុត​សម្លាប់​ពួកគេ​តែម្តង​។

​តាម​ចម្លើយ​ក្នុង​របាយការណ៍​ដដែល​នោះ ស្ត្រី​ច្រើនជាង​ពាក់កណ្តាល ដែល​បានផ្តល់​កិច្ចសម្ភាសន៍​នោះ បាន​អះអាងថា ពួកគេ​សុទ្ធសឹងតែ​រង​ការឈឺចាប់​ដោយសារ​ការរំលោភ និង​ហិង្សា​ផ្លូវភេទ​ជាច្រើន​ទម្រង់​ផ្សេងទៀត​។​

​ជុំវិញ​ចម្លើយ​របាយការណ៍​នេះ ប្រធាន​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Ra'ad Al Hussein បាន​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា​៖«​អំពើ​ឃោរឃៅ​ទៅលើ​កុមារ​រ៉ូ​ហ៊ីង​យ៉ា គឺជា​រឿង​ដែល​មិនអាច​អត់​ឳ​ន​បានឡើយ​។ នេះ គឺជា​រឿង​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​បុរស​(​កងកម្លាំង​) ចាក់​សម្លាប់​ទារក ដែល​កំពុងតែ​ស្រែកយំ​ដើម្បី​បំបៅ​ដោះ​ម្តាយ ខណៈ​ម្តាយ​ដែល​បានឃើញ​ឃាតកម្ម​នោះ ត្រូវបាន​រំលោភ​ដោយ​កងកម្លាំង​នោះ​»​។

​ជាមួយគ្នានេះ ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បញ្ឈប់​សកម្មភាព​ប្រឆាំង​ប្រជាជន​ខ្លួនឯង ហើយ​ជំនួស​ដោយ​ការបដិសេធ​ពី​ហេតុការណ៍​ដែល​កើតឡើង​នៅ​ទីនោះ រដ្ឋាភិបាល ហើយ​ទទួលស្គាល់​ពី​ការទទួលខុសត្រូវ​ដើម្បី​ទទួល​ថា​ជនរងគ្រោះ​អាច​ទទួលបាន​យុត្តិធម៌ សុវត្ថិភាព និង​ការ​ប៉ះប៉ូវ​ឡើងវិញ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ធនាគារ ANZ Royal ទទួល​សិទ្ធិ​ប្រមូល​ចំណូល​ពន្ធ​ទូទាំងប្រទេស​



ភ្នំពេញ​៖ ធនាគារ ANZ Royal គឺជា​ធនាគារ​ថ្មី​មួយទៀត ដែល​រដ្ឋាភិបាល​ជ្រើសរើស​ជា​ដៃ​ក្នុងការ​ប្រមូល​ចំណូល​ពន្ធដារ​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ ANZ Royal បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​ការប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ ANZ Royal សម្រាប់​ប្រតិបត្តិការ​ចំណូល​ពន្ធដារ អនុវត្ត​ទូទាំងប្រទេស នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​។​

លោក ជូ គឹម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​ពិធី​ចុះ MOU នេះ​ថា ការបង្កើន​ដៃគូ​សម្រាប់​ការប្រមូល​ចំណូល​ពន្ធដារ​បន្ថែម​នេះ បានបង្ហាញ​នូវ​វឌ្ឍនភាព​ថ្មី​បន្ថែមទៀត​នៃ​កម្មវិធី​កំណែទម្រង់​វិស័យ​រដ្ឋបាល​សារពើពន្ធ ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ ផ្ដល់​ភាពងាយស្រួល និង​ជម្រើស​ច្រើន​ដល់​អ្នក​ជាប់ពន្ធ​ក្នុងការ​បង់ពន្ធដារ​តាមរយៈ​ប្រព័ន្ធ​ធនាគារ​។

​អគ្គនាយិការ​ប្រតិបត្តិ​ធនាគារ ANZ Royal លោកស្រី Leonie Lethbridge មានប្រសាសន៍ថា​៖« ដោយមាន​ការសហការ​យ៉ាង​ប្រសើរ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ធនាគារ ANZ Royal ឥឡូវ​យើង​អាច​សម្រួល​ការបង់ពន្ធ​ដល់​អតិថិជន​សាជីវកម្ម​ក្នុងស្រុក និង​អន្តរជាតិ​ដែលមាន​ប្រតិបត្តិការ​តាម​តំបន់ និង​ក្នុងប្រទេស​កម្ពុជា​»​។ លោកស្រី​បន្ថែមថា អតិថិជន​សាជីវកម្ម​អាច​បង់ពន្ធ​បានជា​ប្រាក់រៀល ឬ​ប្រាក់​ដុល្លារ​តាម​សាខា​ធនាគារ ANZ Royal និង​តាម​ប្រព័ន្ធ​ធនាគារ​អេ​ឡិច​ត្រូវ​និក ចាប់ពី​ខែមេសា​ឆ្នាំនេះ​។​

​ធនាគារ ANZ Royal គឺជា​ធនាគារ​ដៃគូ​ប្រមូល​ចំណូល​ពន្ធ​របស់​រដ្ឋា​ភី​បាល​ទី​៦​ហើយ បន្ទាប់ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី​, ធនាគារ​កាណាឌីយ៉ា ក​.​អ​, ធនាគារ​ឯកទេស​វី​ង​, ធនាគារ​កម្ពុជា​សាធារណៈ និង​ធនាគារ​វឌ្ឍនៈ​៕

ថ្មី​ៗ
អត្ថបទ : ញ៉ុង​ ហេង

អស្ចារ្យមែន! កូរ៉េខាងត្បូង «ទទួលជោគជ័យលើការវះកាត់ប្តូរប្រអប់ដៃ» ជាលើកដំបូង!

(សេអ៊ូល)៖ ក្រុមគ្រូពេទ្យជំនាញវះកាត់របស់កូរ៉េខាងត្បូងមួយក្រុម បានសម្រេចនូវការវះកាត់ប្តូរប្រអប់ដៃ ជាលើកដំបូងទៅលើបុរសវ័យខ្ទង់ ៣០ឆ្នាំម្នាក់ ដែលវាជា ជោគជ័យទីមួយហើយសម្រាប់កូរ៉េខាងត្បូង ដែលបានសម្រេចចេញនូវលទ្ធផលបែបនេះក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ​ដោយ​ទីភ្នាក់ងារ ព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០១៧។ ក្រុមគ្រូពេទ្យខាងលើនេះមានសមាជិកសរុប ២៥នាក់ ដឹកនាំដោយលោក Woo Sang Hyun ប្រធានមន្ទីរ​ពេទ្យ W Hospital បានសម្រេចចិត្តវះកាត់យកប្រអប់ដៃ ពីបុរសម្នាក់ដែលមានអាយុ ៤០ឆ្នាំ ដែលខួរក្បាល​របស់គាត់លែងដំណើរការទៅហើយ (ស្លាប់)។ ការវះកាត់ត្រូវបានចំណាយពេល ១០ម៉ោង នៅឯមជ្ឈមណ្ឌល​វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Yeungnam ទីក្រុងដេហ្គូ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ថាដៃដែលត្រូវបានវះកាត់យកមកផ្សាំឲ្យបុរសម្នាក់ទៀតខាងលើនេះ មានផ្នែកប្រអប់ដៃ និងកុំភួនដៃ។ ក្រោយការវះកាត់រួចរាល់​ជាស្ថាពរកាលពីថ្ងៃសុក្រ ក្រុមគ្រូពេទ្យបាន​អះអាងថា បុរសដែល​ទទួលបានដៃថ្មី​​គឺមានស្ថានភាព​​សុខភាព​ល្អធម្មតា ប៉ុន្តែរាងកាយ​របស់លោក​ត្រូវការពេលវេលា​យូរ​ ដើម្បីកម្រើក​ជាធម្មតា​ឡើងវិញ ដោយសារតែ​បានចំណាយពេលវេលា​យូរក្នុងការ​វះកាត់ប្តូរដៃ៕ Fresh News

ប្រទេសចិនចេញមុខព្រមានអាមេរិក៖ «កុំក្រឡុកស្ថានការណ៍នៅអាស៊ីបូព៌ា, ឈប់លើកឡើងនូវអ្វីដែល​ខុសពីការពិត!»

(ប៉េកាំង)៖ ប្រទេសចិនបានព្រមានទៅ​សហរដ្ឋអាមេរិកថា កុំក្រឡុក​ស្ថានការណ៍នៅ​តំបន់អាស៊ី​បូព៌ាតទៅ​ទៀត ដែលការព្រមានធ្ងន់ៗ​នេះធ្វើឡើងបន្ទាប់​ពី​រដ្ឋមន្ត្រីការពារជាតិថ្មី​របស់អាមេរិក លោក Jim Mattis កំពុងបំពេញ​ទស្សនកិច្ច​នៅជប៉ុនបានលើកឡើងថា ប្រជុំកោះស៊ិនកាគុ (ចិនហៅតាវយុ) គឺត្រូវបានការពារ​ដោយសន្ធិសញ្ញា​រវាងជប៉ុន-អាមេរិក។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយ Channel News Asia ដកស្រង់​ពីបណ្តាញ Reuters នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។ គួរបញ្ជាក់ថាប្រជុំកោះស៊ិនកាគុ ដែលចិនហៅថាតាវយុ និងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន​នៅឡើយនោះ គឺជាទីតាំងប្រកបដោយសក្កានុពលមួយ​ដែលអំណោយផល​លើការនេសាទ​ធនធានសមុទ្រ ដែលជប៉ុន​ទន្ទ្រានគ្រប់គ្រង​នៅសម័យ​សង្គ្រាមលោក ប៉ុន្តែបើតាម​ភាពជាក់ស្តែង​នៃតឹកតាងប្រវត្តិសាស្ត្រ​ប្រទេសចិនធ្លាប់​បានគ្រប់គ្រង​លើប្រជុំកោះទាំងអស់​នេះ អស់រាប់សតវត្សរ៍​មកហើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងប្រាប់ស៊ិនហួរថា «ប្រជុំកោះតាវយុ និងតំបន់ព័ទ្ធជុំវិញគឺជាដែនដីប្រវត្តិសាស្ត្ររបស់ប្រទេសចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលគ្មាន​នរណាម្នាក់ អាចប្រកែក​ពីការពិតជា​ប្រវត្តិសាស្ត្រនេះ​បានឡើយ។ យើងអំពាវនាវ​ឲ្យភាគីអាមេរិកទទួលខុស​ត្រូវចំពោះ​ឥរិយាបថ​របស់ខ្លួន ហើយឈប់​ធ្វើការ​លើកឡើង​ដោយខុសពី​ការពិត និងសូមឈប់ដុតរោល​ស្ថានការណ៍​ឲ្យកាន់តែយ៉ាប់យឺន​ជាងនេះទៀត​នៅក្នុងតំបន់»។ គួរបញ្ជាក់តាមសម្តីរបស់លោក Mattis នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនថា សហរដ្ឋអាមេរិក​រក្សា​គោលនយោបាយឥតកែប្រែចំពោះ​ជំហររបស់ខ្លួន​លើបញ្ហាប្រជុំកោះ ស៊ិនកាគុ ហើយអាមេរិក​បន្តគាំទ្រ​ប្រទេស​ជប៉ុន​ក្នុងការគ្រប់គ្រង​ប្រជុំកោះនោះតទៅទៀត៕ Fresh News

អយុត្តិធម៌​ណាស់​សម្រាប់​ពលរដ្ឋកម្ពុជា​ ! អាមេរិក​ទម្លាក់គ្រាប់បែក​សម្លាប់​ជាងកន្លះលាន​នាក់ហើយ​, លុយថ្លៃ​គ្រាប់បែកជិត​៥០០លាន​ដុល្លារទៀត !​

(ភ្នំពេញ)៖ ក្រោយការថ្លែងរបស់ឯកអគ្គរាជទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt ក្នុងវេទិកាតុមូល នាថ្ងៃម្សិលមិញ ហើយត្រូវបាន វិទ្យុអាស៊ីសេរី ដែលមាននិន្នាការគាំទ្របក្សប្រឆាំង និងសហរដ្ឋអាមេរិក បានដកស្រង់សំដីមកចុះផ្សាយ ដោយលើកឡើងថា សហរដ្ឋអាមេរិកមិនដែលបាន ពិចារណាក្នុងការ​លុបបំណុលពីកម្ពុជា ហើយថារហូតមកដល់ពេលនេះ​បំណុលបានកើន​ដល់ជិត​៥០០លានដុល្លារនោះ, លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា ដែលជា​អ្នកដឹកនាំប្រតិបត្តិការ​រំដោះមីន បានសម្តែងនូវការ​សោកស្តាយយ៉ាងណាស់​ចំពោះបញ្ហានេះ ហើយថា ការលើកឡើងយ៉ាងដូច្នេះ វាពិតជាអយុត្តិធម៌ណាស់ ព្រោះវាគឺជាការបន្ថែម​នូវក្តីឈឺចាប់ខ្លាំងក្លា​ដល់ពលរដ្ឋស្លូតត្រង់​របស់កម្ពុជា។ ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហេង រតនា បានលើកឡើងជាថ្មីម្តងទៀតដោយចាត់ទុកថា ការថ្លែងពីបញ្ហាបំណុល​របស់ឯកអគ្គរដ្ឋទូតអាមេរិក ជាការបន្ថែមក្តីឈឺចាប់ ដែលមិនអាចបំភ្លេចបានឡើយ សម្រាប់ប្រជាជនខ្មែរ ដែលត្រូវបានរងទុក្ខ យ៉ាងធ្ងន់ធ្ងរដោយសារ​ការទម្លាក់គ្រាប់បែក​រាប់លានគ្រាប់ របស់សហរដ្ឋអាមេរិក មកលើទឹកដីកម្ពុជា ហើយកម្ពុជាត្រូវសងបំណុលអាមេរិក ដែលជាថ្លៃគ្រាប់បែក ដែលទម្លាក់មកលើប្រទេសរបស់ខ្លួនទៀត។ លោកលើកឡើងទៀតថា ការប្រកាសពីចំនួននៃការកើនឡើងបំណុល ចាប់ពី២០០លានដុល្លារ ដល់៥០០លានដុល្លារ គឺជាការបន្ថែមនូវការឈឺចាប់ របស់ប្រជាពលរដ្ឋខ្មែរ ដែលរួមមាន អ្នករបួស អ្នកពិការ និងវិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយសារគ្រាប់បែកទម្លាក់ដោយអាមេរិក។ ជាមួយគ្នានេះ លោក ហេង រតនា យល់ឃើញថា «ការបង្កើតក្រុមការងារ ដើម្បីពិភាក្សាករណីរឿងបំណុល ដែលកម្ពុជាជំពាក់នោះ ជាប្រការសមហេតុសមផល​ហើយ។ ទន្ទឹងនឹងនេះគួរតែមានក្រុមការងារពិភាក្សាប្រកបដោយតម្លាភាព អំពីផលខូចខាត ដោយសារសហរដ្ឋអាមេរិក ដែលបានទំលាក់គ្រាប់បែក​ជាសំងាត់ក្តី​ ជាចំហរក្តី​ក្នុងន័យវាយតំលៃឲ្យច្បាស់លាស់​ ដើម្បីងាយស្រួលសំរាប់រដ្ឋបាល សហរដ្ឋអាមេរិក មានការទទួលខុសត្រូវ ជាកាតព្វកិច្ចខាងសីលធម៌កី្ត​ ការទទួលខុសត្រូវ ខាងផ្លូវច្បាប់ក្តី​ (Moral Obligation or Legal Obligation) ក្នុងការបញ្ចប់ទំពរ័ខ្មៅងងឹង ពីអតីតកាល​ និងរួមគ្នាសហការល្អ សំរាប់អនាគត​នៃប្រទេស និងប្រជាជនទាំង២»។ យ៉ាងណាក៏ដោយ លោកអគ្គនាយកស៊ីម៉ាក់ ហេង រតនា ធ្លាប់បានប្រៀបប្រដូចការទម្លាក់គ្រាប់ របស់អាមេរិកមកលើកម្ពុជា ដូចទៅនឹងការយកដំបងដ៏ធំមួយ មកវាយ​សំពងសម្លាប់កម្ពុជា ប៉ុន្តែកម្ពុជាមិនស្លាប់បែរជាត្រូវគេ ទាមទារឲ្យសងថ្លៃដំបងថែមទៀត ដូចគ្នានឹងការទម្លាក់គ្រាប់បែក របស់អាមេរិកផងដែរ គឺអាមេរិក​បានទម្លាក់គ្រាប់បែកមកលើកម្ពុជា ហើយអាមេរិក បែរជាមកទារថ្លៃគ្រាប់បែករបស់ខ្លួនទៀត។ ពាក់ព័ន្ធបញ្ហាបំណុលអាមេរិកនេះផងដែរ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News ដោយបានចាត់ទុក​បំណុលនេះ ជាបំណុលឈាម។ បំណុលឈាម ដែលអាមេរិកបានទម្លាក់គ្រាប់ បែកសម្លាប់ប្រជាជនខ្មែរជាង៥សែននាក់។ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានចាត់ទុកសហរដ្ឋអាមេរិក ជាប្រទេសដែលមានឈាមខ្មៅ ចំពោះប្រទេសកម្ពុជា មិនសមជាប្រទេសមហាអំណាច។ លោកថា បំណុលដែលកម្ពុជាជំពាក់នោះ គឺជាបំណុល ដែលជំពាក់ដោយរដ្ឋាភិបាលមិនស្របច្បាប់ លន់ នល់ ជំពាក់, រដ្ឋាភិបាលមិនស្របច្បាប់ ដែលបានធ្វើប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ និងធ្លាក់ចេញពីអំណាច ដោយសារចាញ់សង្គ្រាម ព្រមទាំងជារដ្ឋាភិបាលដែលលើកបន្តុប ដោយសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ អំឡុងពេលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស​ម្តងទៀត ដោយបាន​ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លុប​បំណុល​ដល់​កម្ពុជា ដែល​អាមេរិកផ្តល់​ឲ្យ​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ព្រោះជាបំណុលកខ្វក់។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែ​ប៉ះប៉ូវ​សងដល់​កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ។ អគ្គនាយក CMAC លោក ហេង រតនា បានបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕ Fresh News

ក្តៅៗ! អ៊ីរ៉ង់កាន់តែផ្គើនអាមេរិក ដោយលើកនេះរៀបចំធ្វើ «សមយុទ្ធការពារ​ដែនអាកាសទ្រង់ទ្រាយ​ធំតែម្តង!»

(តេហេរ៉ង់)៖ កងកម្លាំងការពារ​បដិវត្តន៍អ៊ីរ៉ង់ (IRGC) បានរៀបចំ​ធ្វើសមយុទ្ធការពារ​ដែនអាកាសដ៏ធំមួយ​នៅថ្ងៃសៅរ៍នេះ ដែលមាន​ការចូលរួមពីកងកម្លាំងយោធា និងសព្វាវុធទំនើបៗ​ធ្វើការហ្វឹកហ្វឺន​នៅលើផ្ទៃដី ៣៥.០០០គីឡូម៉ែត្រ​ក្រឡា។ នេះបើតាមការ​ចេញផ្សាយ ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ ដកស្រង់ពី​សារព័ត៌មាន​អ៊ីរ៉ង់ IRNA នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។ គួរបញ្ជាក់ការធ្វើសមយុទ្ធខាងលើនេះ បានកើតឡើង​បន្ទាប់ពីសហរដ្ឋអាមេរិក​បានសម្រេចដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេសអ៊ីរ៉ង់ ដោយសារតែ​ការធ្វើតេស្ត​គ្រាប់មីស៊ីល​កាលពីពេលថ្មីៗ​នេះ ដែលអាមេរិក​ចោទថា​ជាការ​រំលោភ​លើកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពីឆ្នាំ២០១៥ ប៉ុន្តែអ៊ីរ៉ង់​បានអះអាងជាច្រើនលើកហើយថា ខ្លួនមិនបាន​ប្រព្រឹត្តខុសអ្វីឡើយ​​ ហើយអាវុធមីស៊ីល​នោះ ក៏មិនមែន​ជាប្រភេទដែល​អាចបំពាក់គ្រាប់​នុយក្លេអ៊ែរ​បាននោះដែរ។ សម្រាប់សមយុទ្ធនៅថ្ងៃសៅរ៍នេះ ប្រទេសអ៊ីរ៉ង់មានគោលដៅបង្កើនសមត្ថភាពដល់កងកម្លាំងរបស់ IRGC ទប់ទល់នឹងការគំរាមកំហែងនានា។ ប្រព័ន្ធរ៉ាដាចាប់សញ្ញាពីលើដី ការរៀបចំយុទ្ធសាស្ត្រនានា និងការគ្រប់​គ្រងប្រព័ន្ធសព្វាវុធអេឡិចត្រូនិក ត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើសមយុទ្ធនោះ៕ Fresh News

បញ្ចប់ការរៀនក្រោមដើមឈើ! អភិបាលខេត្តព្រះវិហារ​សម្រេចជួសជុល និង​សាងសង់​អាគារសិក្សា​២ខ្នង មាន៦បន្ទប់​ជូនសិស្ស នៅស្រុក​រវៀង

(ព្រះវិហារ)៖ ក្រោយពីទទួលបានព័ត៌មានថា មានកូនសិស្សស្ថិត​នៅសាលា​បឋមសិក្សាសំព្រាង ក្នុងឃុំរតនៈ ស្រុករវៀង គ្មានអាគារល្អដើម្បីអង្គុយរៀនសូត្រ ហើយថែម​ទាំងរៀនក្រោម​ដើមឈើ​ទៀតនោះ នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧នេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅពិនិត្យដោយផ្ទាល់ និងបានជួយដោះស្រាយភ្លាមៗ តាមរយ:ធ្វើការជួសជុល​អាគារដែលចាស់មានស្រាប់ និងសម្រេចសាងសង់​អាគារមួយខ្នងទៀត សរុបទាំងអស់​មាន៦បន្ទប់។ លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នេះថា «នៅព្រឹកមិញនេះ ខ្ញុំ រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំស្រុក បានចុះពិនិត្យ​សាលាបឋមសិក្សាសំព្រាង ឃុំរតនៈ ស្រុករវៀង ដែលមានសិស្សសរុបចំនួន៤៧នាក់តែប៉ុណ្ណោះ កំពុងរៀនក្រោមដើមឈើ ។ ក្នុងនាមអាជ្ញាធរ​ខេត្តព្រះវិហារ បានសម្រេចជួសជុល​អាគារសិក្សាមួយខ្នងមាន ៣បន្ទប់ធ្វើអំពីឈើ និងសាងសង់អាគារសិក្សាថ្មីមួយខ្នង៣បន្ទប់បន្ថែម»។ បើតាមលោកអភិបាលខេត្ត នៅក្នុងភូមិសំព្រាងនេះមានប្រជាពលរដ្ឋរស់នៅតែ៥៨គ្រួសារប៉ុណ្ណោះ ហើយជាភូមិនៅដាច់ស្រយាល។ លោកគ្រូអ្នកគ្រូបង្រៀនតែមួយ​ពេលព្រឹកប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់អាចវិលត្រឡប់ទៅផ្ទះនៅថ្ងៃរសៀល នេះជាមូលហេតុធ្វើឲ្យគាត់នាំសិស្សមកបង្រៀនក្រោមដើមឈើ។ គ្រូបង្រៀនម្នាក់នៅសាលាចាស់ទ្រុឌទ្រោមមួយនេះ គឺអ្នកគ្រូមុត សុគេន បានប្រាប់ក្រុមអ្នកកាសែតថា សិស្សដែលមករៀននៅសាលានេះ មានចំនួន៤៨នាក់ និងគ្រូ៤នាក់២នាក់ជាបុរស ដែលត្រូវបង្រៀនសិស្សនៅទីនេះ។ បើតាមអ្នកគ្រូមុត សុគេន សិស្សដែលអ្នកគ្រូបង្រៀននៅក្នុងថ្នាក់មាន១២នាក់ ពួកគេទាំងអស់បានត្អូញត្អែរពីការលំបាកធ្វើដំណើរមកកាន់សាលារៀន និង​នៅពេលមករៀន គឺត្រូវបង្ខំចិត្តរៀនជ្រកក្រោមដើមឈើនោះថែមទៀត។ អ្នកគ្រូថា មានពេលខ្លះសិស្សមិនបានមករៀនឲ្យបានទៀងទាត់តាមថ្ងៃ និងតាមពេលវេលានោះទេ ដោយសារផ្លូវលំបាក និងពេលមករៀន ត្រូវរៀនជ្រកក្រោមដើមឈើ ដោយសារសាលាខ្វះថ្នាក់បង្រៀនសិស្ស។ នាយិកាសាលា អ្នកគ្រូ គង់ សុផល្លា បានប្រាប់ឲ្យដឹងថា កាលពីមុនសាលាសព្រាងនេះ​មានគ្រូបង្រៀន​ទាំងអស់ចំនួន​៦នាក់ ប៉ុន្តែ នៅបច្ចុប្បន្ននេះ មានតែ៤នាក់ប៉ុណ្ណោះ ក្នុងនោះគ្រូ​បុរស២នាក់ មានសិស្ស​សរុប៤៨នាក់។ អ្នកគ្រូបានបន្តថា មូលហេតុដែលនាំឲ្យមានការបង្រៀនសិស្សជ្រកក្រោមម្លប់ដើមឈើនេះ ដោយសារថ្នាក់រៀនមាន៣ថ្នាក់ គឺចាប់ពីថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ ហើយសិស្សមានការកើនឡើង ដូច្នេះ ការបង្រៀនគឺត្រូវមានការបែងចែកថ្នាក់គ្នារៀន មិនអាចបង្រៀនបញ្ចូលគ្នា ជាមួយនឹងកំរិតយល់ដឹងខុសគ្នានោះទេ ដោយខ្វះថ្នាក់រៀនទើបជាមានការមកបង្រៀនក្រោមដើមឈើយ៉ាងដូច្នេះ។ នាយិកាគង់ សុផល្លា បានបន្តឲ្យដឹងទៀតថា នៅរយះពេលកន្លងមក អ្នកគ្រូធ្លាប់បានពិភាក្សា​ជាមួយប្រធានការិយាល័យ​អប់រំស្រុក និងធ្លាប់បានលើកគំរោង តាមរយៈ អង្គការ​ទស្សនៈពិភពលោកដែរ តែត្រូវបានប្រធាន​ការិយាល័យអប់រំស្រុកឆ្លើយថា មិនមានគំរោងសាងសង់សាលារៀននោះបន្តទៀតទេ ដោយសារគ្មាន​សិស្ស​គ្រប់គ្រាន់ និងក្នុង១ថ្នាក់តម្រូវឲ្យ​មា​នសិស្សចាប់ពី​៤០ទៅ៤៨នាក់ ផងដែរ។ ប៉ុន្តែចាប់ពី​ពេលនេះទៅ ក្រោយលោកអភិបាលខេត្ត សម្រេចដោះស្រាយរួចហើយ កូនសិស្សទាំងអស់ និងលោកគ្រូអ្នកគ្រូ អាចរៀន អាចបង្រៀន​ក្រោមដំបូលអាគារដ៏ល្អបានហើយ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការដោះស្រាយបញ្ហាជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរួច លោកអភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុងភូមិព្រមទាំងចែក​អំណោយ​មួយចំនួនផងដែរ៕ Fresh News

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យលើកទង់ជាតិតៃវ៉ាន់ លើទឹកដីកម្ពុជា (Video inside)

facebookvid{683715505133577}
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរជាថ្មីម្តងទៀត ក្នុងការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ។ ជាមួយគ្នានេះ សម្តេចក៏បានប្រកាសដែរថា នឹងមិនឱ្យមានការលើកទង់ជាតិថៃវ៉ាន់ នៅក្នុងពិធីណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីទទួលទានអាហារសាមគ្គី ជាមួយអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ ហើយកម្ពុជាក៏មិនត្រូវធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ អធិបតេយ្យ ឯករាជ្យភាពរបស់ប្រទេសចិននោះដែរ។ សម្តេចបានបញ្ជាក់ថា កម្ពុជាបើកចំហរសម្រាប់ការវិនិយោគរបស់តៃវ៉ាន់ ប៉ុន្តែសម្រាប់រាល់ការពិធីជប់លៀង ឬពិធីផ្សេងៗនៅលើទឹកដីកម្ពុជា មិនឱ្យមានលើកទង់ជាតិតៃវ៉ាន់ ឬស្ថានតំណាងតៃវ៉ាន់ជាដាច់ខាត។

សម្តេចបានបញ្ជាក់ថា ជំហរនេះមិនមែនតែជំនាន់សម្តេចដឹកនាំនោះទេ ប៉ុន្តែជំហរប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយមានតាំងពីជំនាន់សម្តេចឪ នរោត្តម សីហនុ មកម្ល៉េះ។ ទន្ទឹមគ្នានឹងការលើកឡើងអំពីគោលនយោបាយចិនតែមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រេចទីបេ ក៏ដូចគ្នាដែរ។ សម្តេចថ្លែងថាកម្ពុជាមិនគាំទ្រចំពោះការចង់ផ្តាច់ខ្លួនរបស់ទីបេទេ ហើយកម្ពុជាចាត់ទុកថា ទីបេ គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ៕

Fresh News

សមាជិកគណបក្ស LDP ជាង៥០០នាក់ ​តវ៉ាសុំឲ្យ​ដោះលែងសមាជិករបស់ខ្លួន​១៣នាក់ ដែលអាជ្ញាធរឃាត់ខ្លួនរឿងដីធ្លី

(កំពត)៖ ក្រោយអាជ្ញាធរខេត្តកំពត បានធ្វើការឃាត់ខ្លួនសមាជិក១៣នាក់ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា អំពីការ​ឈូសឆាយបំផ្លាញដំណាំប្រជាពលរដ្ឋ រំលោភយកដី នៅឃុំតេជោអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានសមាជិករបស់គណបក្សនេះ ប្រមាណជាង៥០០នាក់ បាននាំមកតវ៉ានៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសុំឲ្យមានការដោះលែង ដោយចោទថាអាជ្ញាធរធ្វើបំពាន់ច្បាប់។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ប្រតិបត្តិការឃាត់ខ្លួនសមាជិក១៣នាក់រឿងដីធ្លីនោះ គឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់ ពោលគឺនៅពេលចុះឃាត់ខ្លួន កម្លាំងរបស់លោកបានទទួលបញ្ជាផ្ទាល់ពី លោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត និងលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត ហើយមិនដូចអ្វីដែលជាការចោទប្រកាន់ថា អាជ្ញាធរបំពានច្បាប់នោះឡើយ។ លោកស្នងការបន្ថែមថា លោកក៏បានត្រៀមកម្លាំងរួចរាល់ ដើម្បីទប់ស្កាត់ចំពោះការតវ៉ា របស់សមាជិកគណបក្ស LDP។ ជាមួយគ្នានេះ លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត បានឲ្យដឹងថា ​កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងដោះស្រាយដីធ្លី ដែល​ប្រជាពលរដ្ឋ​ចំនួន០៦គ្រួសារ បានដាក់ពាក្យបណ្តឹងមកអាជ្ញាធរខេត្តកំពត ដើម្បីឲ្យខេត្តជួយដោះស្រាយ និងចាត់វិធានការ​បន្ទាន់ ចំពោះជនអនាធិបតេយ្យមួយក្រុម ដែលគេបានស្គាល់ថា ជាបក្ខពួក និងកូនចៅ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ដែលបានយកគ្រឿងចក្រ មកធ្វើសកម្មភាពឈូស ឆាយដី និងដំណាំរបស់ពួកគាត់ទាំង៦គ្រួសារខាងលើ។ ​ក្រុមការងារជំនាញ និងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ឃើញសកម្មភាពជាក់ស្តែងយ៉ាងដូច្នេះ ក៏សម្រេចឃាត់ខ្លួនជនសង្ស័យ ចំនួន១៣នាក់ ដែលបាននឹងកំពុងធ្វើសកម្មភាពឈូសឆាយ និងបម្រើការងារឲ្យម្ចាស់ដីម្នាក់ ជាប្រធានគណៈបក្ស ឈ្មោះ ខឹម វាសនា ដែលនៅពីក្រោយខ្នង នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ជាមួយគ្នានេះរដ្ឋបាលខេត្តកំពត ក៏បានចេញសេចក្ដីបំភ្លឺជូនដល់សាធារណជនផងដែរ អំពីការបង្ក្រាបបទល្មើសមួយនេះ។ ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តកំពត ដែលមានខ្លឹមសារទាំងស្រុង៖ Fresh News
ចាស់ជាង ទំព័រដើម