Showing posts with label អន្តរជាតិ. Show all posts
Showing posts with label អន្តរជាតិ. Show all posts

​ចិន​៖ គម្រោង​ខែល​ការពារជាតិ THAAD អាមេរិក​នៅ​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​អស្ថិរភាព​ឧបទ្វីប​កូរ៉េ​



បើទោះបីជា​ក្រុង​វ៉ាស៊ីនតោន បាន​អះអាង​ហើយ​ថា​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង ដើម្បី​តបត និង​ប្រឆាំង​កូរ៉េខាងជើង​តែមួយគត់​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​សុខចិត្ត​ឡើយ​។ ក្រុង​ប៉េកាំង បានបង្ហាញ​គោលជំហរ​ជំទាស់​ជាថ្មី និង​ចាត់ទុក​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​ធុន​ធំ​នោះ ថា​ជាការ​បំផ្លាញ​សន្តិសុខ​នៅក្នុង​តំបន់​។

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី លោក James Mattis នៅ​ថ្ងៃទី​០២ កុម្ភៈ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងត្បូង​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​នៃ​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី Donald Trump​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​ឧបទ្វីប​កូរ៉េ និង​ការការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន តាមរយៈ​គោលនយោបាយ​ប្រឆាំងនឹង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

​ជាងនេះទៅទៀត​នោះ ប្រមុខ​ការពារជាតិ​ដែល​ទើប​ស្បថ​កាន់តំណែង​រូបនេះ ថែមទាំង​ផ្ញើ​សារ​ដល់​ប្រទេស​ក្នុង​តំបន់ ដែល​តែងតែ​បារម្ភ​ពី​វត្តមាន​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ទៀតផង​។ «​ខែល​ការពារ​មី​ស៊ី​ល THAAD គឺ​សម្រាប់តែ​ការពារ​ប្រជាជន​នៃ​សម្ព័ន្ធមិត្ត​របស់​យើង និង​ទាហាន​របស់​យើង ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចការ​ការពារ​របស់​ពួកគេ ហើយ​ប្រសិនបើ​កូរ៉េខាងជើង មិន​បង្ហាញ​ពី​ឥរិយាបថ​បង្ករឿង​នោះទេ យើង ក៏​មិន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​ទីនោះ​ផងដែរ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​ដទៃ​ផ្សេងទៀត មិនចាំបាច់​ព្រួយបារម្ភ​អំពី​ខែល​ការពារ​មី​ស៊ី​ល​នេះឡើយ ដ្បិត​ខែល​នោះ បំពាក់​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​ប៉ុណ្ណោះ​។​

​មិន​ខុសពី​ពេលមុន​ឡើយ ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ខ្លាំង​ពី​ការ​ផែនការ​ដំឡើង​នេះ​។ ក្រុង​ប៉េកាំង តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​បរទេស​ចិន នៅ​ថ្ងៃទី ០៣ កុម្ភៈ បាន​ហៅ​ផែនការ​នោះ ថា «​ជាការ​បំផ្លាញ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សន្តិសុខ​នៃ​ប្រទេស​ក្នុង​តំបន់ ដែល​រាប់បញ្ចូល​ទាំង​ចិន និង​មិនមាន​ច​រិ​ក​លក្ខណៈ​ណាមួយ​ជួយ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​»​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ក៏បាន​សង្កត់ធ្ងន់​ទៀតថា​៖«​យើង​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ចប់​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ និង​បញ្ឈប់​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​»៕

ថ្មី​ៗ
អត្ថបទ : ទេព អ៊ីវិសាល

ចិន ក្តៅក្រហាយ​ខ្លាំង​នឹង​សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រឿង​អធិបតេយ្យ​ប្រជុំ​កោះ​ជម្លោះ​ចិន​-​ជប៉ុន



រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​០៤ កុម្ភៈ បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កុំ​ឲ្យ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​។ ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​នៃ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាងថា តំបន់​វិវាទ​អធិបតេយ្យ​ដែល​ចិន និង​ជប៉ុន​បានទាមទារ​ត្រួតស៊ីគ្នា​នោះ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ការពារ​រ​វាង​អាមេរិក និង​ជប៉ុន​។

« ខ្ញុំ បាន​និយាយ​ច្បាស់​ហើយ​ថា គោលនយោបាយ​របស់​យើង​មិន​ប្រែប្រួល​ឡើយ​ចំពោះ​តំបន់​កោះ Senkaku ... អាមេរិក បន្ត​ទទួលស្គាល់​បណ្តុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​របស់​ជប៉ុន ក៏ដូចជា​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​០៤ កុម្ភៈ ជាមួយនឹង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោកស្រី Tomomi Inada​។

​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន បាន​បញ្ញត្តិ​ថា អាមេរិក នឹង​ការពារ​អធិបតេយ្យ​ក្រោម​រដ្ឋបាល​របស់​ជប៉ុន ដែល​រាប់បញ្ចូល​ទាំង​បណ្តុំ​កោះ Senkaku ដែល​ចិន បាន​ហៅថា Diaoyu និង​ទាមទារ​ផងដែរ​នោះ​។

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ ប្រាកដ​ណាស់​ថា ធ្វើ​ឲ្យ​ចិន មិន​សប្បាយ​ចិន​ឡើយ​។ « ប្រជុំ​កោះ Diaoyu និង​តំបន់​ក្បែរ​នោះ គឺជា​ផ្នែក​មួយ​នៃ​អធិបតេយ្យ​ចិន​តាំងពី​យូរយា​ណាស់់​មកហើយ​។ ហើយ​នេះ ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិនមាន​ការប្រែប្រួល​ផងដែរ​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អាមេរិក​។

​អ្នកនាំពាក្យ​រូបនេះ បាន​បន្តទៀតថា​យ៉ាង​ដូច្នេះ​ថា​៖« យើង ទទូច​ឲ្យ​ភាគី​អាមេរិក​មាន​ឥរិយាបថ​ទទួលខុសត្រូវ បញ្ឈប់​ការធ្វើ​អត្ថាធិប្បាយ​ខុស និង​ចៀស​ឲ្យ​បាន​ការធ្វើ​ឲ្យ​បញ្ហា​កាន់​ស្មុគស្មាញ និង​បង្ក​ជា​អស្ថិរភាព​នៅក្នុង​តំបន់​»​។

​សូម​ជម្រាប​ផងដែរ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​អាមេរិក James Mattis នៅ​សប្តាហ៍​នេះ បាន​បំពេញ​ទស្សនកិច្ច​មកកាន់​កូរ៉េខាងត្បូង និង​ជប៉ុន ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​ថ្មី​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រមុខ​ការពារជាតិ​រូបនេះ ដើម្បី​បង្ហាញ​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន​គឺ ជប៉ុន និង​កូរ៉េខាងត្បូង​។

​អ្វី​គួរកត់សម្គាល់​នោះ ក្នុង​វត្តមាន​របស់លោក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ចំណត​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ បានធ្វើ​ឲ្យ​ចិន ក្តៅក្រហាយ​ម្តង​រួចទៅហើយ​។ ក្តៅក្រហាយ​នោះ ក៏​ព្រោះតែ ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ លោក​ប្រមុខ​ការពារជាតិ បាន​អះអាង​ជាថ្មី​ថា នឹង​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅក្នុង​ឆ្នាំនេះ​។ កន្លងមក ចិន តែងតែ​បង្ហាញ​ជំហរ​ជំទាស់​ដាច់ខាត​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​នោះ ដ្បិត ចិន យល់ឃើញថា វា បំផ្លាញ​សន្តិសុខ​នៅក្នុង​តំបន់ និង​ផលប្រយោន​ជ៍​សន្តិសុខ​របស់​ចិន​តែម្តង​៕

ថ្មិ​ៗ
អត្ថបទ : ទេព អ៊ីវិសាល

មេបញ្ជាការកងទ័ពអ៉ីរ៉ង់៖ យើងនឹង​ប្រើមីស៊ីល​បាញ់បំបែក​ក្បាល​សត្រូវ​របស់យើង !​



(​តេហេរ៉ង់)៖ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានសហរដ្ឋអាមេរិកទះមួយកំផ្លៀង តាមរយៈការដាក់ទណ្ឌកម្មថ្មីបន្ថែម កងកម្លាំង ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានដឹកនាំ ការធ្វើសមយុទ្ធ យោធាបាញ់គ្រាប់មីស៊ីលនៅក្នុងខេត្ត Semn​an។ មិនតែប៉ុណ្ណោះមេបញ្ជាការកងទ័ពអ៉ីរ៉ង់ លោក អាមៀ អាលីហាជីសាដេស (Amir Ali Hajizadeh) ​ក៏បានព្រមានដែរថា ទីក្រុងតេហេរ៉ង់ នឹងប្រើប្រាស់មីស៊ីលទាំងនេះ បាញ់បំបែកក្បាលសត្រូវ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន អ៊ីរ៉ង់ Tasnim ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៥​ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បើទោះជាលោក អាមៀ មិនបានបញ្ជាក់ថា សត្រូវនោះជានរណាឱ្យប្រាកដក៏ដោយ ក៏ប៉ុន្តែការធ្វើសមយុទ្ធយោធា កាលពីថ្ងៃសៅរ៍ ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចដាក់ទណ្ឌកម្មថ្ មីប្រឆាំងនឹងអ៊ីរ៉ង់ សម្រាប់ការបាញ់សាកល្បងមីស៊ីលផ្លោង នាពេលថ្មីៗនេះ​ ហើយម្យ៉ាងវិញទៀត សត្រូវដ៏ធំនៅក្នុងកែវភ្នែក មេដឹកនាំអ៊ីរ៉ង់ ក៏គ្មាននរណាផ្សេងក្រៅពីសហរដ្ឋអាមេរិកនោះដែរ។ «បើសិនជាសត្រូវប្រព្រឹត្ត កំហុសឆ្គងនោះមីស៊ីល របស់យើង នឹងបាញ់បំបែកក្បាលរបស់ពួកគេ» នេះគឺជាសម្ដីរបស់មេបញ្ជាការកងទ័ពរបស់អ៉ឺរ៉ង់។

កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ អ៉ីរ៉ង់បានដឹកនាំការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យម ២២៥គីឡូម៉ែត្រ ពីទីក្រុង តេហេរ៉ង់ រីឯរដ្ឋមន្ត្រីការពារ ជាតិអ៊ីរ៉ង់លោក ហូសេន ដែសហាន់ (Hossein Dehghan) ក៏បានអះអាងផងដែរពីភាពជោគជ័យ នៃការបាញ់សាកល្បងនេះ។ តែជាការឆ្លើយតប សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មថ្មី បន្ថែមប្រឆាំងនឹង បុគ្គល១៣រូប ព្រមទាំងក្រុមហ៊ុនចំនួន១២ មានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់ លីបង់ ចិន និងសហភាពអេមីរ៉ាតអារ៉ាប់ រួម សម្រាប់ការបាញ់ សាកល្បងមីស៊ីលផ្លោង និងការគំាទ្រក្រុមឧទ្ទាមហេសប៊ូលឡា ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាអង្គការភេរវករ៕

Fresh News

BREAKING NEWS: តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកទាត់ចោលសំណើ លោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញបទបញ្ជាស្ដីពីជនភៀសខ្លួន



(វ៉ាស៊ីនតោន)៖ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក បានច្រានចោលសំណើររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញនូវបទបញ្ជាស្ដីពី ជនភៀសខ្លួន និងការហាមឃាត់ប្រជាជនមកពីប្រទេសមូស្លីមភាគច្រើនចំនួន៧ ចូលក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចៅក្រមតុលាការកំពូលរាំងខ្ទប់ កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

តុលាការកំពូលអាមេរិក បានសម្រេចព្យួរ ឬផ្អាកបទបញ្ជា​របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ ដែលបានដាក់ការ​ហាមឃាត់​ការធ្វើដំណើរ​មកកាន់​អាមេរិក ចំពោះប្រជាជន​មកពីបណ្តា​ប្រទេសមូស្លីម​ចំនួន០៧ ដោយចាត់ទុកថា វាផ្ទុយទៅនឹងរដ្ឋធម្មនុញ និងជាការរើសអើង។ ប៉ុន្តែ​ប្រធានាធិបតីថ្មី​រូបនេះ​មិនបាន​យល់ស្រប​តាមនោះឡើយ ដោយលោក​អះអាងថា​​ នឹងយកការហាមឃាត់​​ដ៏ស្របច្បាប់​នោះ​ ត្រឡប់មក​អនុវត្តន៍ឲ្យបាន។ ជាងនេះទៅទៀតលោក ត្រាំ ថែមទាំង បានប្រើពាក្យសម្តីធ្ងន់ៗទៅលើលោក James Robart ដែលជា​ចៅក្រមតុលាការកំពូលម្នាក់ ហើយថាការសម្រេចចិត្តរបស់ចៅក្រមរូបនេះគឺជារឿង គួរឲ្យអស់សំណើច និងជាការអូសទាញអាមេរិកឲ្យកាន់តែឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។

គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការកំពូលរបស់​សហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍​មួយចំនួនបានចាប់ផ្តើមអនុវត្តន៍តាមដោយអនុញ្ញាត ឲ្យបណ្តាជនជាតិមកពីប្រទេសទាំង០៧ដែលត្រូវ​បានហាមឃាត់ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់អាមេរិក​វិញជាធម្មតា។ ប្រជាជនមកពីប្រទេសមូស្លីម ភាគ ច្រើន ដែលត្រូវលោក ដូណាល់ ត្រាំ ហាមជាបណ្ដោះអាសន្នមិនឱ្យចូលក្នុងសហរដ្ឋអាមេរិក រួមមាន អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, យេមែន និងស៊ីរី៕

Fresh News

របាយការណ៍​UN៖ កងកម្លាំង​មី​យ៉ាន់​ម៉ា បាន​ដុត​ផ្ទះ រំលោភ និង​សម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​យ៉ាង​ព្រៃផ្សៃ​ ​



​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​០៣ កុម្ភៈ បានចេញ​របាយការណ៍​មួយ ដែល​បាន​រកឃើញថា មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ Rakhine​។ របាយការណ៍ បានចាត់ទុក​ការបំពាន​នេះ ថា អាច​ក្លាយជា​បទល្មើស​ប្រឆាំង​មនុស្សជាតិ​បាន​។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នង​ការទទួល​សិទ្ធិមនុស្ស (OHCHR) ដែល​យោងតាម​កិច្ចសម្ភាសន៍​ជាមួយនឹង​ប្រជាជន​ដែល​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ក្រោយ​ការវាយប្រហារ​នៅ​ដើមខែ​តុលា​ឆ្នាំមុន បាន​បង្ហាញថា មានការ​ករណី​រំលោភ សម្លាប់ ដែល​រាប់បញ្ចូល​ទាំង​ទារក និង​កុមារ ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ផ្សេងទៀត​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​។

​តាម​ចម្លើយ​ដែល​ផ្សាយ​ចេញ​តាម​របាយការណ៍​នោះ កងកម្លាំង​មី​យ៉ាន់​ម៉ា មិន​ត្រឹមតែ​ប្រព្រឹត្ត​បទល្មើស​ប៉ុន្មាន​ខាងលើ​នោះទេ តែ​ពួកគេ ក៏បាន​ដុត​ផ្ទះសម្បែង សាលារៀន ផ្សារ វិហារ និង​ដីស្រែ​ជនជាតិភាគតិច​ទាំងនោះ និង​ថែមទាំង​មាន​ឃាត់​ក្រុម​ទាំងនោះ​នៅក្នុង​ផ្ទះ ហើយ​ដុត​សម្លាប់​ពួកគេ​តែម្តង​។

​តាម​ចម្លើយ​ក្នុង​របាយការណ៍​ដដែល​នោះ ស្ត្រី​ច្រើនជាង​ពាក់កណ្តាល ដែល​បានផ្តល់​កិច្ចសម្ភាសន៍​នោះ បាន​អះអាងថា ពួកគេ​សុទ្ធសឹងតែ​រង​ការឈឺចាប់​ដោយសារ​ការរំលោភ និង​ហិង្សា​ផ្លូវភេទ​ជាច្រើន​ទម្រង់​ផ្សេងទៀត​។​

​ជុំវិញ​ចម្លើយ​របាយការណ៍​នេះ ប្រធាន​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Ra'ad Al Hussein បាន​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា​៖«​អំពើ​ឃោរឃៅ​ទៅលើ​កុមារ​រ៉ូ​ហ៊ីង​យ៉ា គឺជា​រឿង​ដែល​មិនអាច​អត់​ឳ​ន​បានឡើយ​។ នេះ គឺជា​រឿង​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​បុរស​(​កងកម្លាំង​) ចាក់​សម្លាប់​ទារក ដែល​កំពុងតែ​ស្រែកយំ​ដើម្បី​បំបៅ​ដោះ​ម្តាយ ខណៈ​ម្តាយ​ដែល​បានឃើញ​ឃាតកម្ម​នោះ ត្រូវបាន​រំលោភ​ដោយ​កងកម្លាំង​នោះ​»​។

​ជាមួយគ្នានេះ ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បញ្ឈប់​សកម្មភាព​ប្រឆាំង​ប្រជាជន​ខ្លួនឯង ហើយ​ជំនួស​ដោយ​ការបដិសេធ​ពី​ហេតុការណ៍​ដែល​កើតឡើង​នៅ​ទីនោះ រដ្ឋាភិបាល ហើយ​ទទួលស្គាល់​ពី​ការទទួលខុសត្រូវ​ដើម្បី​ទទួល​ថា​ជនរងគ្រោះ​អាច​ទទួលបាន​យុត្តិធម៌ សុវត្ថិភាព និង​ការ​ប៉ះប៉ូវ​ឡើងវិញ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

អស្ចារ្យមែន! កូរ៉េខាងត្បូង «ទទួលជោគជ័យលើការវះកាត់ប្តូរប្រអប់ដៃ» ជាលើកដំបូង!

(សេអ៊ូល)៖ ក្រុមគ្រូពេទ្យជំនាញវះកាត់របស់កូរ៉េខាងត្បូងមួយក្រុម បានសម្រេចនូវការវះកាត់ប្តូរប្រអប់ដៃ ជាលើកដំបូងទៅលើបុរសវ័យខ្ទង់ ៣០ឆ្នាំម្នាក់ ដែលវាជា ជោគជ័យទីមួយហើយសម្រាប់កូរ៉េខាងត្បូង ដែលបានសម្រេចចេញនូវលទ្ធផលបែបនេះក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ​ដោយ​ទីភ្នាក់ងារ ព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០១៧។ ក្រុមគ្រូពេទ្យខាងលើនេះមានសមាជិកសរុប ២៥នាក់ ដឹកនាំដោយលោក Woo Sang Hyun ប្រធានមន្ទីរ​ពេទ្យ W Hospital បានសម្រេចចិត្តវះកាត់យកប្រអប់ដៃ ពីបុរសម្នាក់ដែលមានអាយុ ៤០ឆ្នាំ ដែលខួរក្បាល​របស់គាត់លែងដំណើរការទៅហើយ (ស្លាប់)។ ការវះកាត់ត្រូវបានចំណាយពេល ១០ម៉ោង នៅឯមជ្ឈមណ្ឌល​វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Yeungnam ទីក្រុងដេហ្គូ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ថាដៃដែលត្រូវបានវះកាត់យកមកផ្សាំឲ្យបុរសម្នាក់ទៀតខាងលើនេះ មានផ្នែកប្រអប់ដៃ និងកុំភួនដៃ។ ក្រោយការវះកាត់រួចរាល់​ជាស្ថាពរកាលពីថ្ងៃសុក្រ ក្រុមគ្រូពេទ្យបាន​អះអាងថា បុរសដែល​ទទួលបានដៃថ្មី​​គឺមានស្ថានភាព​​សុខភាព​ល្អធម្មតា ប៉ុន្តែរាងកាយ​របស់លោក​ត្រូវការពេលវេលា​យូរ​ ដើម្បីកម្រើក​ជាធម្មតា​ឡើងវិញ ដោយសារតែ​បានចំណាយពេលវេលា​យូរក្នុងការ​វះកាត់ប្តូរដៃ៕ Fresh News

ប្រទេសចិនចេញមុខព្រមានអាមេរិក៖ «កុំក្រឡុកស្ថានការណ៍នៅអាស៊ីបូព៌ា, ឈប់លើកឡើងនូវអ្វីដែល​ខុសពីការពិត!»

(ប៉េកាំង)៖ ប្រទេសចិនបានព្រមានទៅ​សហរដ្ឋអាមេរិកថា កុំក្រឡុក​ស្ថានការណ៍នៅ​តំបន់អាស៊ី​បូព៌ាតទៅ​ទៀត ដែលការព្រមានធ្ងន់ៗ​នេះធ្វើឡើងបន្ទាប់​ពី​រដ្ឋមន្ត្រីការពារជាតិថ្មី​របស់អាមេរិក លោក Jim Mattis កំពុងបំពេញ​ទស្សនកិច្ច​នៅជប៉ុនបានលើកឡើងថា ប្រជុំកោះស៊ិនកាគុ (ចិនហៅតាវយុ) គឺត្រូវបានការពារ​ដោយសន្ធិសញ្ញា​រវាងជប៉ុន-អាមេរិក។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយ Channel News Asia ដកស្រង់​ពីបណ្តាញ Reuters នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។ គួរបញ្ជាក់ថាប្រជុំកោះស៊ិនកាគុ ដែលចិនហៅថាតាវយុ និងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន​នៅឡើយនោះ គឺជាទីតាំងប្រកបដោយសក្កានុពលមួយ​ដែលអំណោយផល​លើការនេសាទ​ធនធានសមុទ្រ ដែលជប៉ុន​ទន្ទ្រានគ្រប់គ្រង​នៅសម័យ​សង្គ្រាមលោក ប៉ុន្តែបើតាម​ភាពជាក់ស្តែង​នៃតឹកតាងប្រវត្តិសាស្ត្រ​ប្រទេសចិនធ្លាប់​បានគ្រប់គ្រង​លើប្រជុំកោះទាំងអស់​នេះ អស់រាប់សតវត្សរ៍​មកហើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងប្រាប់ស៊ិនហួរថា «ប្រជុំកោះតាវយុ និងតំបន់ព័ទ្ធជុំវិញគឺជាដែនដីប្រវត្តិសាស្ត្ររបស់ប្រទេសចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលគ្មាន​នរណាម្នាក់ អាចប្រកែក​ពីការពិតជា​ប្រវត្តិសាស្ត្រនេះ​បានឡើយ។ យើងអំពាវនាវ​ឲ្យភាគីអាមេរិកទទួលខុស​ត្រូវចំពោះ​ឥរិយាបថ​របស់ខ្លួន ហើយឈប់​ធ្វើការ​លើកឡើង​ដោយខុសពី​ការពិត និងសូមឈប់ដុតរោល​ស្ថានការណ៍​ឲ្យកាន់តែយ៉ាប់យឺន​ជាងនេះទៀត​នៅក្នុងតំបន់»។ គួរបញ្ជាក់តាមសម្តីរបស់លោក Mattis នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនថា សហរដ្ឋអាមេរិក​រក្សា​គោលនយោបាយឥតកែប្រែចំពោះ​ជំហររបស់ខ្លួន​លើបញ្ហាប្រជុំកោះ ស៊ិនកាគុ ហើយអាមេរិក​បន្តគាំទ្រ​ប្រទេស​ជប៉ុន​ក្នុងការគ្រប់គ្រង​ប្រជុំកោះនោះតទៅទៀត៕ Fresh News

ក្តៅៗ! អ៊ីរ៉ង់កាន់តែផ្គើនអាមេរិក ដោយលើកនេះរៀបចំធ្វើ «សមយុទ្ធការពារ​ដែនអាកាសទ្រង់ទ្រាយ​ធំតែម្តង!»

(តេហេរ៉ង់)៖ កងកម្លាំងការពារ​បដិវត្តន៍អ៊ីរ៉ង់ (IRGC) បានរៀបចំ​ធ្វើសមយុទ្ធការពារ​ដែនអាកាសដ៏ធំមួយ​នៅថ្ងៃសៅរ៍នេះ ដែលមាន​ការចូលរួមពីកងកម្លាំងយោធា និងសព្វាវុធទំនើបៗ​ធ្វើការហ្វឹកហ្វឺន​នៅលើផ្ទៃដី ៣៥.០០០គីឡូម៉ែត្រ​ក្រឡា។ នេះបើតាមការ​ចេញផ្សាយ ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ ដកស្រង់ពី​សារព័ត៌មាន​អ៊ីរ៉ង់ IRNA នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។ គួរបញ្ជាក់ការធ្វើសមយុទ្ធខាងលើនេះ បានកើតឡើង​បន្ទាប់ពីសហរដ្ឋអាមេរិក​បានសម្រេចដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេសអ៊ីរ៉ង់ ដោយសារតែ​ការធ្វើតេស្ត​គ្រាប់មីស៊ីល​កាលពីពេលថ្មីៗ​នេះ ដែលអាមេរិក​ចោទថា​ជាការ​រំលោភ​លើកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពីឆ្នាំ២០១៥ ប៉ុន្តែអ៊ីរ៉ង់​បានអះអាងជាច្រើនលើកហើយថា ខ្លួនមិនបាន​ប្រព្រឹត្តខុសអ្វីឡើយ​​ ហើយអាវុធមីស៊ីល​នោះ ក៏មិនមែន​ជាប្រភេទដែល​អាចបំពាក់គ្រាប់​នុយក្លេអ៊ែរ​បាននោះដែរ។ សម្រាប់សមយុទ្ធនៅថ្ងៃសៅរ៍នេះ ប្រទេសអ៊ីរ៉ង់មានគោលដៅបង្កើនសមត្ថភាពដល់កងកម្លាំងរបស់ IRGC ទប់ទល់នឹងការគំរាមកំហែងនានា។ ប្រព័ន្ធរ៉ាដាចាប់សញ្ញាពីលើដី ការរៀបចំយុទ្ធសាស្ត្រនានា និងការគ្រប់​គ្រងប្រព័ន្ធសព្វាវុធអេឡិចត្រូនិក ត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើសមយុទ្ធនោះ៕ Fresh News

លោក ដូណាល់ ត្រាំ សម្រេចចិត្តប្ដឹងជំទាស់ ទៅនឹងការផ្អាកបទបញ្ជា​របស់លោក ដោយចៅក្រមតុលាការកំពូលម្នាក់ ក្នុងទីក្រុង Seattle

(វ៉ាស៊ីនតោន)៖ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្ដឹងជំទាស់ហើយ ទៅនឹងការផ្អាកបទបញ្ជា​របស់លោក ដោយចៅក្រមតុលាការកំពូលម្នាក់ ក្នុងទីក្រុង Seattle ស្ដីពីការ​ហាមឃាត់​ការធ្វើដំណើរ​មកកាន់​អាមេរិក ចំពោះប្រជាជន​មកពីបណ្តា​ប្រទេសមូស្លីម​ចំនួន០៧។ នេះបើតាម​ការចេញផ្សាយដោយសារ ព័ត៌មាន BBC ថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។ ជុំវិញបញ្ហានេះដែរ លោក ដូណាល់ ត្រាំ បានជះពាក្យសម្តីធ្ងន់ៗទៅលើលោក James Robart ដែលជា​ចៅក្រមតុលាការកំពូលថា «ជាការសម្រេចចិត្តដ៏គួរឲ្យអស់ សំណើចខ្លាំងណាស់ ដែលវាជាការអូសទាញអាមេរិកឲ្យកាន់តែឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។ បន្ថែមពីលើនេះ លោកត្រាំ ក៏បានតែងតាំងរដ្ឋមន្រី្តមហាផ្ទៃ លោក ចន ឃែលលី (John Kelly) និងរដ្ឋមន្ត្រីការបរទេសថ្មី លោក រិច ធីល្លឺសុន (Rex Tillerson) ជាតំណាងដើមបណ្ដឹង ដើម្បីប្ដឹងជំទាស់ទៅនឹងចៅក្រមរូបនេះ។ តែ ទោះជាយ៉ាណា ​សម្រាប់ លោក Robart ការហាមឃាត់ជនភៀសខ្លួនរបស់ លោកត្រាំ គឺមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ហើយម្យ៉ាងវិញទៀត បន្ទាប់ពីមានសេចក្តី សម្រេចពីតុលាការកំពូលរបស់​សហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍​មួយចំនួនបានចាប់ផ្តើមអនុវត្តន៍តាម ដោយអនុញ្ញាតឲ្យបណ្តាជនជាតិមកពីប្រទេសទាំង០៧ ដែលត្រូវ​បានហាមឃាត់ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់អាមេរិក​វិញជាធម្មតា។ គួរបញ្ជាក់ថា ប្រជាជនមកពីប្រទេសមូស្លីមភាគច្រើន ដែលត្រូវលោក ដូណាល់ ត្រាំ ហាមជាបណ្ដោះអាសន្ន មិនឱ្យចូលក្នុងសហរដ្ឋអាមេរិក រួមមាន អ៊ីរ៉ង់,អ៊ីរ៉ាក់,លីប៊ី, សូម៉ាលី,ស៊ូដង់,យេមែន និងស៊ីរី៕ Fresh News

រដ្ឋមន្រ្តីការពារជាតិអាមេរិកថ្លែងប្រាប់នាយករដ្ឋមន្រ្តីជប៉ុន៖ «អាមេរិក​​នៅ​តែ​ប្តេជ្ញា​យ៉ាង​​មុះមុត​​ចំពោះ​សន្ធិសញ្ញា​​ការពារ​ជាតិ​​រវាង​​ភាគី​ទាំង​ពីរ»



(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិរបស់ប្រធានាធិបតីអាមេរិកគឺលោក James Mattis នៅថ្ងៃសុក្រនេះបានធានាអះអាងសាជាថ្មីអំពីកា​ប្តេជ្ញាយ៉ាង​មុតមាំរបស់ សហរដ្ឋអាមេរិក ចំពោះសន្ធិសញ្ញាការពារជាតិទ្វេភាគីជាមួយនឹងប្រទេសជប៉ុន នៅអំឡុងជំនួបពិភាក្សារវាងរូបលោក និង​នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក្នុងទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងជំនួបពិភាក្សាខាងលើលោក James Mattis បានថ្លែងថា «ខ្ញុំចង់ធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់ថា មាត្រាទី៥នៃសន្ធិសញ្ញាការពារ​ជាតិទ្វេភាគីរវាងប្រទេសយើងទាំងពីរ ត្រូវបានយល់យ៉ាងជាក់លាក់ និងឥតងាករេនោះឡើយ សម្រាប់ពួកយើងនៅថ្ងៃនេះ ដែលដូចនឹងឆ្នាំទៅ​ និងប្រាំឆ្នាំមុនអ៊ីចឹង ហើយវានឹងនៅបន្តយ៉ាងដូច្នេះមិនថា មួយឆ្នាំឬក៏១០ឆ្នាំទៅមុខទៀតនោះឡើយ»។ គឺតម្រូវឲ្យអាមេរិក​មាន​កាតព្វកិច្ចធ្វើយ៉ាងណាការពាររាល់ទឹកដី ដែលស្ថិតក្រោមការគ្រប់គ្រងកាន់កាប់របស់ភាគីជប៉ុន។

ក្នុងឱកាសនោះដែរលោក ស៊ីនហ្សូ អាបេ បានបង្ហាញជំនឿជឿជាក់ថា ជាមួយលោក ដូណាល់ ត្រាំ និងលោក James Mattis សហរដ្ឋ​អាមេរិក និងប្រទេសជប៉ុន អាចបង្ហាញពីសម្ព័ន្ធភាពដ៏ស្អិតរមួត និងឥតងាករេរបស់ពួកគេឲ្យពិភពលោកឃើញបាន។

គួរបញ្ជាក់ថា ជប៉ុនពិតជាចង់ទទួលបានការអះអាងបញ្ជាក់យ៉ាងខ្លាំងថា រដ្ឋាភិបាលលោក ដូណាល់ ត្រាំ នឹងបន្តគោលនយោបាយរបស់​ទីក្រុងវ៉ាស៊ីនតោន ដែលប្តេជ្ញាការពារប្រជុំកោះនៅតំបន់សមុទ្រចិនខាងកើត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ប៉ុន្តែ​កំពុងមានជម្លោះ ដោយសារតែមានការ ទាមទារពីសំណាក់ប្រទេសចិន ត្បិតលោក ត្រាំ ធ្លាប់បាននិយាយថា កូរ៉េខាងត្បូងនិងជប៉ុន ទទួលបាន​​ផលចំណេញពីខែលការពារសន្តិសុខរបស់អាមេរិក ដោយមិនបានធ្វើការចំណាយថវិកាសមរម្យគ្រប់គ្រាន់នោះឡើយ៕

Fresh News

អូស្ត្រាលី​ថា អាមេរិក​ប្តេជ្ញា​អនុវត្ត​នូវ​អ្វីដែល​លោក ត្រាំ ហៅថា​ជា​កិច្ចព្រមព្រៀង​ជនភៀសខ្លួន «​ដែល​មិនបានការ​»



បន្ទាប់ពី​សេចក្តីរាយការណ៍​មួយ​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ​ដ៏​ចម្រូងចម្រាស​រវាង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ប្រធានាធិបតី​អាមេរិក លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិនបាន​ដាក់​ទូរស័ព្ទ​របស់លោក​ចុះ​នោះទេ ហើយ​លោក ត្រាំ បាន​ប្តេជ្ញា​ថា​នឹង​បោះជំហាន​ទៅមុខ​ជាមួយនឹង​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ផ្តល់​ទីលំនៅ​ដល់​ជនភៀសខ្លួន​មួយក្រុម ដែល​ត្រូវគេ​ចាប់បាន​ពេល​ព្យាយាម​ធ្វើដំណើរ​ចូលទៅ​កាន់​ប្រទេស​អូស្ត្រាលី​។

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង ក្នុងអំឡុងពេល​លោក​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា កាន់តំណែង​។ លោក ត្រាំ បានចេញ​បទបញ្ជា​ប្រធានាធិបតី​មួយ ដែល​ហាមឃាត់​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​ជនភៀសខ្លួន​ចូលមក​កាន់​សហរដ្ឋអាមេរិក ប៉ុន្តែ​បទបញ្ជា​ប្រធានាធិបតី​នោះបាន​រួមបញ្ចូល​មាត្រាមួយ​ដែល​ផ្តល់​ករណី​លើកលែង «​នៅពេលដែល​បុគ្គល​នោះ​អាច​ចូលមក​កាន់​សហរដ្ឋអាមេរិក​ដើម្បី​អនុលោម​ទៅតាម​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែលមាន​ស្រាប់​មួយ​»​។​

​កាសែត The Washington Post បាន​រាយការណ៍​ថា លោក ត្រាំ បាន​ប្រាប់​ដល់​លោក Turnbull ថា កិច្ចព្រមព្រៀង​នេះ​គឺជា «​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត​» ហើយ​ប្រទេស​អូស្ត្រាលី​កំពុងតែ​ព្យាយាម​បញ្ជូន​អ្នកបោក​គ្រាប់​អត្តឃាត ដូច​នៅក្នុង​ហេតុការណ៍​នៅ​ទីក្រុង Boston ចេញពី​ប្រទេស​ខ្លួន​។​

​សេត​វិមាន​បាន​ឲ្យ​ដឹងថា ជនភៀសខ្លួន​មួយក្រុម​ដែលមាន​គ្នា​ប្រមាណ​១២០០​នាក់ ភាគច្រើន​មកពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ខ្លាំង​បំផុត មុននឹង​អនុញ្ញាត​ឲ្យ​ចូលមក​កាន់​អាមេរិក​។ លោក ត្រាំ បាន​បន្ត​រិះគន់​កិច្ចព្រមព្រៀង​នេះ​កាលពី​ល្ងាច​ថ្ងៃ​ពុធ នៅក្នុង​សារ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter​។​

​លោក​បានសរសេរថា «​តើ​អ្នក​ជឿ​ឬទេ​? រដ្ឋបាល​របស់លោក អូ​បា​ម៉ា បាន​យល់ព្រម​ទទួល​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់ពាន់នាក់​ពី​ប្រទេស​អូស្ត្រាលី​។ ហេតុអ្វី​បានជា​ដូច្នេះ​? ខ្ញុំ​នឹងសិក្សា​ទៅលើ​កិច្ចព្រមព្រៀង​ដែល​មិនបានការ​មួយ​នេះ​!»៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ដូ​ណា​ល់ ត្រាំ អរគុណ​និង​ស្វាគមន៍ Samsung ដែល​ពិចារណា​បើក​រោងចក្រ​នៅ​អាមេរិក​



ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អរគុណ​និង​ស្វាគមន៍​ការពិចារណា​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsung ក្នុង​ការបើក​ក្រុមហ៊ុន​នៅ​អាមេរិក​។ ការពិចារណា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយសារតែ​ក្រុមហ៊ុន​នេះ​បារម្ភ​ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​និយម​របស់លោក ដូ​ណា​ល់ ត្រាំ​នៅពេល​អនាគត​នៅ​។​

«​អរគុណ Samsung​។​យើង​រីករាយ​ណាស់​ដែលមាន​អ្នក​»​។ នេះ​ជា​សារ​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​បង្ហោះ​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ដើម្បី​ស្វាគមន៍​ដែល Samsung កំពុង​ពិចារណា​បើក​ក្រុមហ៊ុន​នៅ​ទឹកដី​អាមេរិក​នោះ​។​



ការផ្ញើ​សារ​ស្វាគមន៍​ក្រុមហ៊ុន​គ្រឿង​អេឡិចត្រូនិក​របស់​កូរ៉េខាងត្បូង​នេះ កើតឡើង​បន្ទាប់ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្តី​ប្រភព​ដែល​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន Samsung​។ ប្រភព​នោះបាន​អះអាងថា ក្រុមហ៊ុន Samsung ពិចារណា​និង​វាយតម្លៃ​លើ​គម្រោង​វិនិយោគ​នៅ​អាមេរិក​នេះ ដើម្បី​កំណត់ថា​វា​ជា​រឿង​ចាំបាច់​ពិត​ឬ​អត់​។

​ជារួម​ក្រុមហ៊ុន Samsung មិនទាន់​អាច​បញ្ជាក់បាន​ថា ខ្លួន​នឹងត្រូវ​វិនិយោគ​លុយ​ប៉ុន្មាន និង កំណត់​បាន​ថា​តើ​រោងចក្រ​របស់ខ្លួន​អាច​នឹងត្រូវ​កសាង​នៅ​កន្លែង​ណា​ឲ្យ​ជាក់ច្បាស់​ឡើយ​។​

​ការពិចារណា​វិនិយោគ​លើ​ការបើក​ក្រុមហ៊ុន​ថ្មី​នៅ​អាមេរិក​ដើម្បី​ផ្គត់ផ្គង់​ផលិត​ខ្លួន​នៅ​ទីនោះ គឺ​ដើម្បី​ឆ្លើយតប​គោលនយោបាយ​គាំពារ​និយម​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​អាច​នឹងត្រូវ​អនុវត្ត​នៅពេល​ខាងមុខ​នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដដែល ខណៈដែល​ក្រុមហ៊ុន Samsung កំពុង​ពិចារណា​ថា​គួរ​បើក​រោងចក្រ​នៅ​អាមេរិក​ឬ​អត់ ក្រុមហ៊ុន LG អេឡិចត្រូនិក​កំពុង​ស្វះ​ស្វែងរក​ការសាងសង់​រោងចក្រ​នៅ​Tennessee​។ ក្រុមហ៊ុន​នេះ​ក៏​ស្ថិតក្នុង​ដំណាក់កាល​ពិចារណា ដំឡើង​រោងចក្រ​សាងសង់​សម្ភារៈ​ផ្ទះ និង​ទូ​ទស្សន៍​ជាដើម​ដូចគ្នា​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ​បដិសេធ​ផ្តល់​ព័​ត៌​បន្ថែម​ពាក់ព័ន្ធ​ការសាងសង់​រោងចក្រ​នេះ​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​នឹង​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ ក្នុងពេល​លោក​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ ២០​មករា​។​ហើយ​លោក​ថែមទាំង​សន្យា​អនុវត្ត​គោលនយោបាយ​គាំពារ​នយោបាយ​ដោយមាន​ទាំង​ដកខ្លួន​ចេញពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ និង​ដំឡើង​កម្រិត​ពន្ធ​សម្រាប់​ទំនិញ​នាំចូល​ជាដើម​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ទូត​អាមេរិក​នៅ UN៖ អាមេរិក​មិន​ដក​ទណ្ឌកម្ម​ទេ បើ​រុស្ស៊ី​មិន​ប្រគល់ Crimea មកវិញ



បេសកជន​ពិសេស​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley បានប្រកាស​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា អាមេរិក​នៅតែ​រក្សាទុក​ទណ្ឌកម្ម​ដែលមាន​ទាំង​អម្បា​ម៉ាន​ប្រឆាំង​រុស្ស៊ី​ពាក់ព័ន្ធ​បញ្ហា​អ៊ុយ​ក្រែ​ន​។​ដក​ទណ្ឌ​កម្មនេះ​នឹងត្រូវ​ដកចេញ ដរាបណា​រុស្ស៊ី​ប្រគល់​ទឹកដី Crimea​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​។​

​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​សកម្មភាព​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការបន្ត​កាន់កាប់​ទឹកដី Crimea ដោយ​ខុសច្បាប់​។

សូមស្តាប់សំឡេង


យោងតាម​សុន្ទរកថា​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​បេសកកម្ម​ស​ហ​រដ្ឋ​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាន​ថ្លែង​ដូច្នេះ​ថា​៖«​អាមេរិក​នៅ​ឈរ​ជាមួយ​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​រងគ្រោះ​អស់​ជិត​បី​ឆ្នាំ​មកនេះ​ដោយសារ​ការកាន់កាប់​និង​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី​។ យើង​ពិតជា​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ប៉ុន្តែ​ស្ថានភាព​អាក្រក់​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​វា​ទាមទារ​ឲ្យ​មានការ​ថ្កោលទោស​សកម្មភាព​រុស្ស៊ី​»​។



ក្រៅពីនេះ បេសកជន​រូបនេះ​ពិសេស​រូបនេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា រុស្ស៊ី​ត្រូវ​បញ្ឈប់​ការកាន់កាប់​ទឹកដី Crimea​។ អាមេរិក​មិន​ដក​ទ័​ណ្ឌ​កម្ម​ប្រឆាំង​រុស្ស៊ី​ឡើយ បើ​គ្មាន​ការប្រគល់​ទឹកដី Crimea ត្រឡប់មក​អ៊ុយ​ក្រែ​ន​វិញ​។​

«​ឧបទ្វីប Crimea ជា​ផ្នែក​មួយ​របស់​អ៊ុយ​ក្រែ​ន​។ រាល់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ពាក់ព័ន្ធ​បញ្ហា Crimea នឹងត្រូវ​រក្សាទុក ទាល់តែ​រុស្ស៊ី​ព្រម​ផ្ទេរ​ទឹកដី​នេះ​ត្រឡប់មក​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​»​។ នេះ​ជាការ​ប្រកាស​របស់លោក​ស្រី Nikki Haley នៅ​ចំពោះមុខ​ក្រុមប្រឹក្សាសន្តិសុខ ។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ​ក៏បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​រុស្ស៊ី​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ឲ្យ​បាន​ត្រឹមត្រូវ​និង​ពេញលេញ​ដើម្បី​បញ្ចប់​បញ្ហា​ប្រឈម​ទាំងឡាយណា​ដែល​កើតឡើង​នៅ​ភាគ​ខាងកើត​។​

​ជម្លោះ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​នៅ​ដើមឆ្នាំ ២០១៤ ក្រោយ​ប្រជាជន​គាំទ្រ​សហភាព​អឺរ៉ុប​នាំគ្នា​ធ្វើ​បដិវត្ត​គាស់​រំលើង​របប​ដឹកនាំ​ស្និទ្ធ​រុស្ស៊ី​របស់លោក Viktor Yanukovych​។ ក្រោយ​បដិវត្ត​កើតឡើង​រុស្ស៊ី​បាន​ចូល​អន្តរាគមន៍ និង​ជួយ​រៀបចំ​ប្រជាមតិ​នៅ​ទឹកដី Crimea ដើម្បី​ផ្តាច់ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ផង​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រុស្ស៊ី​ក៏​រង​ការចោទប្រកាន់ថា បាន​បន្ត​ជួយ​ជ្រោមជ្រែង​កងកម្លាំង​ឧទ្ទាម​ដែល​ប្រឆាំង​រដ្ឋាភិបាល​នៅ​តំបន់​ភាគ​ខាងកើត​ដូចគ្នា​។

​យ៉ាងណា​ក៏ដោយចុះ ការលើកឡើង​របស់​ម​ន្ត្រី​ទូត​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ហាក់បីដូចជា ផ្ទុយ​ជំហរ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​។ គេ​ធ្លាប់​ឃើញ ការលើកឡើង​ពី​ការឈាន​ទៅ​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី និង​ទទួលស្គាល់​ទឹកដី Crimea ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ដូចគ្នា​ដែរ ដើម្បី​ត្រូ​ស​ត្រាយផ្លូវ​សម្រាប់​ស្តារ​ចំណង​ការទូត​ឡើងវិញ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ប្រធានាធិបតី ដូណាល់ ត្រាំ ជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុនធំៗលើបញ្ហាសេដ្ឋកិច្ចរបស់អាមេរិក



(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបើក​កិច្ច​ជំនួប​ពិ​ភា​ក្សា​មួយ​ជា​មួយ​បណ្តា​នា​យក​ក្រុមហ៊ុនធំៗរបស់​សហ​រដ្ឋ​អាមេរិក​​នៅ​ថ្ងៃ​សុក្រនេះ (កំពុងជួបម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់​ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ យល់យ៉ាងជាក់ច្បាស់អំពីសារៈសំខាន់ នៃកិច្ចពិភាក្សាបើកទូលាយមួយ ជាមួយនឹងបណ្តាថ្នាក់ដឹកមុខជំនួញ​ធំៗ​របស់អាមេរិក ដើម្បីផ្តោះផ្តូរយោបល់គ្នា សំដៅរិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិ របស់យើងមានភាពរឹងមាំបំផុតឡើងវិញ។

គួរបញ្ជាក់ថា CEO នៃក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា Apple, Intel, Microsoft, Oracle, IBM, Google, Facebook, Ford Motor, Tesla Inc, General Motors, JPMorgan Chase, និង Cisco ​បានបង្ហាញ​វត្តមាននៅក្នុងជំនួបពិភាក្សាខាងលើនេះ។

នៅក្នុងជំនួបនោះលោកប្រធានាធិបតី ដូណាល់ ត្រំា បាននិយាយថា៖ «យើងចង់ឱ្យអ្នករាល់គ្នារក្សានូវគំនិតនៃការបង្កើតអ្វីដែលជាគំហើបថ្មីៗដែលគ្មាននរណា ម្នាក់ធ្វើបានដូចអ្នក នៅក្នុងពិភពលោកនេះ»៕

Fresh News
ចាស់ជាង ទំព័រដើម