លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រី ៣រូប គឺរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់គណបក្សប្រឆាំងឡើយ ដោយលោកលើកហេតុផលថា គណបក្សប្រឆាំងមិនបានចូលប្រជុំសភាកាលពីថ្ងៃទី៣១ ខែមករា ដែលលោកចាត់ទុកថា ខុសច្បាប់។
ផ្ទុយទៅវិញ អ្នកវិភាគលើកឡើងថា ការហាមមិនឲ្យរដ្ឋមន្ត្រីទៅឆ្លើយបំភ្លឺនៅសភានេះ គឺលោក ហ៊ុន សែន ទៅវិញទេ ដែលរំលោភរដ្ឋធម្មនុញ្ញ។
អ្នកវិភាគលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរំលោភរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ចំពោះការមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីរបស់ខ្លួនបីរូប ទៅឆ្លើយបំភ្លឺនៅរដ្ឋសភា តាមការកោះហៅរបស់គណបក្សប្រឆាំងនោះ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងសភា បានចែងយ៉ាងច្បាស់ថា តំណាងរាស្ត្រមានសិទ្ធិកោះហៅរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺនៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាទាក់ទងនឹងការដឹកនាំស្ថាប័នរបស់ខ្លួន។ លោកបញ្ជាក់ថា ការហាមប្រាមនេះ ជារឿងខុសច្បាប់៖ «ប្រឆាំងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងសភាទៅទៀត បទបញ្ជាផ្ទៃក្នុងហ្នឹងគេបានសម្រេចហើយ គឺនៅរៀងរាល់ថ្ងៃព្រហស្បតិ៍។ សំណួរហ្នឹងគេមានលក្ខខណ្ឌចំពោះសំណួរណាដែលជាប់ទាក់ទងនឹងនីតិវិធីរបស់តុលាការ»។
ការលើកឡើងរបស់អ្នកវិភាគនេះ ធ្វើឡើងភ្លាមៗ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យសារព័ត៌មាន ហ្វ្រែស ញូវ (FreshNews) នៅថ្ងៃទី១ ខែកុម្ភៈ ថា លោកមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រី ៣រូបចូលទៅបំភ្លឺនៅសភាតាមការកោះហៅរបស់គណបក្សប្រឆាំងនោះទេ ព្រោះបក្សប្រឆាំងមិនបានគោរពច្បាប់ និងមិនចូលប្រជុំសភា។
ការបញ្ចេញប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ជាការឆ្លើយតបទៅនឹងគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣១ ខែ មករា ថា តំណាងរាស្ត្រគណបក្សប្រឆាំងនឹងកោះហៅរដ្ឋមន្ត្រី ៣រូប មកសួរនាំនៅរដ្ឋសភា គឺមានលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការប្រកាសអំពីការកោះហៅរដ្ឋមន្ត្រីមួយចំនួនរបស់គណបក្សប្រឆាំងមកសួរនាំនេះ នៅគ្រាលោក ហ៊ុន សែន និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដទៃទៀត កំពុងប្រជុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភាប្រការ ៤៨ថ្មី (បី) លុបចោលតួនាទីលោក កឹម សុខា ជាប្រធានក្រុមភាគតិច និងតួនាទីលោក ស ខេង ជាប្រធានក្រុមភាគច្រើននៃរដ្ឋសភា។ នៅក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន សែន ថែមទាំងប្រកាសចង់រឹបអូសទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងទ្រព្យសម្បត្តិលោក សម រង្ស៊ី នៅពេលលោកឈ្នះក្ដី លោក សម រង្ស៊ី និងមានសាលក្រមជាស្ថាពរនោះ។
រដ្ឋធម្មនុញ្ញមាត្រា ៩៦ ចែងថា តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។ ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយលក្ខណ៍អក្សរ។ ចម្លើយត្រូវធ្វើឡើងក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង នឹងដាក់លិខិតកោះហៅរដ្ឋមន្ត្រីទាំងបីរូបនេះនៅចុងសប្ដាហ៍ក្រោយ។ លោកបញ្ជាក់ថា លោកមិនទាន់ជឿថា លោក ហ៊ុន សែន ហាមមិនឲ្យរដ្ឋមន្ត្រីរបស់លោកទៅឆ្លើយបំភ្លឺនៅរដ្ឋសភានោះទេ។ លោក សុន ឆ័យ ចង់ឃើញលិខិតជាលាយលក្ខណ៍អក្សរ បើសិនជាលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីទៅឆ្លើយបំភ្លឺនៅរដ្ឋសភាមែននោះ៖ «យើងសួរជាទូទៅទាក់ទងនឹងការកែទម្រង់ តើក្រសួងការពារជាតិ មានយន្តការការពារជាតិទឹកដីហើយឬនៅ និងមានយន្តការទាក់ទងនឹងការដំឡើងឋានៈត្រឹមត្រូវហើយឬនៅ ព្រោះអ្នកខ្លះមកពីណាពីណី ត្រូវបានឡើងឋានន្តរស័ក្តិលឿន។ យើងគ្រាន់តែចង់ដឹងពីនីតិវិធីទេ»។
លោក សុន ឆ័យ បន្ថែមថា សំណួរសំខាន់ៗមួយចំនួនដែលគណបក្សសង្គ្រោះជាតិ នឹងដាក់កោះរដ្ឋមន្ត្រីមកសួរនាំនោះ គឺមានបញ្ហាកសិកម្ម ដែលកសិករកំពុងជួបប្រទះ និងការកែទម្រង់របស់ក្រសួងកសិកម្ម។ ការសួរនាំអំពីការការពារកម្មករ និងការផ្ដល់ទិដ្ឋាការដល់កម្មករជាដើម។ ចំពោះក្រសួងការពារជាតិវិញ នឹងសួរនាំអំពីនីតិវិធីដំឡើងឋានន្តរសក្ដិធ្វើដូចម្ដេចខ្លះ?
គណបក្សប្រឆាំងក៏នឹងសួរនាំរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ពាក់ព័ន្ធនឹងការដំឡើងឋានន្តរសក្ដិពីវរសេនីយ៍ឯកទៅជាឧត្ដមសេនីយ៍ត្រី ដល់អង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ទៀត ដែលធ្លាប់វាយតំណាងរាស្ត្ររបស់បក្សប្រឆាំងឲ្យរងរបួសធ្ងន់ធ្ងរ៕
RFA
ដោយ ទីន ហ្សាការីយ៉ា

No comments:
Post a Comment